(វ៉ាស៊ីនតោន)៖ ស្របពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិន នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទីមួយ» នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីឈានទៅបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានអូសបន្លាយពេលជិត ២ឆ្នាំ យើងសូមរំលឹកនូវកាលបរិច្ឆេទសំខាន់ៗមួយចំនួន នៃបញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹងនេះ រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ៖
* ខែមីនា ឆ្នាំ២០១៨៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធដល់ ២៥ភាគរយ លើផលិតផលដែកថែប និង ១០ភាគរយលើផលិតផលអាលុយមីញ៉ូម ដែលនាំចូលមកពីប្រទេសជាច្រើន ក្រោមគោលដៅចង់កាត់បន្ថយ ឱនភាពពាណិជ្ជកម្មដ៏ធំរបស់អាមេរិក។ ខណៈលោក ត្រាំ បានផ្តល់ការលើកលែងដល់ប្រទេសមួយចំនួន ចិនមិនមានឈ្មោះក្នុងនោះឡើយ។
* ខែកក្កដា ឆ្នាំ២០១៨៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ អាមេរិកបានដំឡើងពន្ធក្នុងកម្រិតខ្ពស់ ទៅលើទំនិញនាំចូលពីប្រទេសចិន ដែលមានតម្លៃខ្ទង់ ៣៤ពាន់លានដុល្លារក្នុងនោះមាន រថយន្ត, Hard disk កុំព្យូទ័រ, និងគ្រឿងបន្លាស់យន្តហោ ជាដើម។ បន្ទាប់មកចិនក៏ បានដំឡើងពន្ធលើទំនិញអាមេរិកក្នុងទំហំស្មើគ្នា ដែលក្នុងនោះរួមមានទាំង ផលិតផលកសិកម្មអាមេរិក យានយន្ត និងគ្រឿងសមុទ្រ។
* ខែសីហា ឆ្នាំ២០១៨៖ ទីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធលើទំនិញចិន ដែលមានតម្លៃ ១៦ពាន់លានដុល្លារបន្ថែមទៀត ហើយទីក្រុងប៉េកាំងបានវាយបកវិញ តាមរយៈការដំឡើងពន្ធដល់ ២៥ភាគរយលើទំនិញអាមេរិកតម្លៃ ១៦ពាន់លានដុល្លារដូចគ្នា។
* ខែកញ្ញា ឆ្នាំ២០១៨៖ ទីក្រុងវ៉ាស៊ីនតោនបានបន្តដំឡើងពន្ធទៀតដោយលើកនេះគឺ ១០ភាគរយទៅលើទំនិញចិន ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារ ហើយដូចមុនដែរ ចិនក៏បានចេញចំណាត់ការដំឡើងពន្ធដើម្បីឆ្លើយតបភ្លាមៗ។
* ខែធ្នូ ឆ្នាំ២០១៨៖ ភាគីទាំងពីរបានប្រកាសផ្អាកការធ្វើសង្រ្គាមដំឡើងពន្ធ ហើយអាមេរិកបានពន្យារពេលលើ គម្រោងដំឡើងពន្ធរបស់ខ្លួនសម្រាប់រយៈពេល ០៣ខែ។ រីឯចិនបានសន្យាបង្កើនការទិញផលិតផលកសិកម្មអាមេរិក ហើយផ្អាកការដំឡើងពន្ធលើយានយន្ត និងគ្រឿងបន្លាស់យានយន្ត ព្រមទាំងយល់ព្រមបើកឲ្យមាន ការនាំចូលអង្ករពីអាមេរិក។
* ខែឧសភា ឆ្នាំ២០១៩៖ ក្រោយការចរចាជាច្រើនខែពុំទទួលបានលទ្ធផលអ្វី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាមេរិកបានដំឡើងពន្ធពី ១០ភាគរយ ឡើងទៅដល់ ២៥ភាគរយលើទំនិញចិនដែលមានតម្លៃ ២០០ពាន់លានដុល្លារ។ បន្ទាប់មកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ បានដាក់បម្រាមលើក្រុមហ៊ុនអាមេរិក ពីការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍បរទេសទាំងឡាយណា ដែលត្រូវចាត់ទុកថា អាចបង្កហានិភ័យផ្នែកសន្តិសុខជាតិ ដែលចំណាត់ការនេះមានគោលដៅទៅលើ ក្រុមហ៊ុនបច្ចេកវិទ្យា-ទូរគមនាគមន៍ដ៏ធំរបស់ចិនគឺ Huawei។
* ខែមិថុនា ឆ្នាំ២០១៩៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ចិនក៏បានដំឡើងពន្ធលើផលិតផលនាំចូលរបស់អាមេរិក ដែលមានតម្លៃ ៦០ពាន់លានដុល្លារ។
* ខែសីហា ឆ្នាំ២០១៩៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក ត្រាំ បានប្រកាសពីការដំឡើងពន្ធដល់អត្រា ១០ភាគរយទៅលើទំនិញចិនផ្សេងទៀត ដែលមានតម្លៃសរុបដល់ទៅ ៣០០ពាន់លានដុល្លារ ហើយក្រោយមកលោកបានសម្រេចដំឡើងឲ្យដល់អត្រា ១៥ភាគរយ។ ចិនក៏បានតដៃវិញ តាមរយៈការដំឡើងពន្ធលើទំនិញ ជាច្រើនមុខរបស់សហរដ្ឋអាមេរិក។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អាមេរិកបានសម្រេចពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ជុំវិញការដំឡើងពន្ធលើទំនិញមួយចំនួនរបស់ចិនរួមមានទូរស័ព្ទដៃ កុំព្យូទ័រ និងសម្លៀកបំពាក់ជាដើម។ ប៉ុន្តែផលិតផលផ្សេងៗទៀត នៅតែត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ខណៈការដំឡើងពន្ធ ២៥ភាគរយលើទំនិញចិនតម្លៃ ២៥០ពាន់លានដុល្លារ ត្រូវកើនដល់៣០ភាគរយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ចិនបានប្រកាសថា ខ្លួននឹងដំឡើងពន្ធលើទំនិញអាមេរិកតម្លៃ ៧៥ពាន់លានដុល្លារជាការសងសឹក ហើយក៏នឹងដំឡើងពន្ធលើយានយន្ត និងគ្រឿងបន្លាស់យានយន្តអាមេរិកឡើងវិញដែរ។
* ខែកញ្ញា ឆ្នាំ២០១៩៖ ក្រោយការដំឡើងពន្ធរបស់អាមេរិកត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ចិនបានប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO។ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធនាំចូលបន្ថែម លើដែកថែបរបស់ចិន។ ក្រោយមកស្របពេលដែលកិច្ចចរចាបានបន្តឡើងវិញ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចពន្យារពេល ហើយក៏លុបចោលតែម្តងនូវគម្រោងដំឡើងពន្ធ ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
* ខែធ្នូ ឆ្នាំ២០១៩៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ អាមេរិក និងចិនបានប្រកាសពី «កិច្ចព្រមព្រៀងបឋម ឬកិច្ចព្រមព្រៀងដំណាក់កាលទីមួយ» ដែលក្នុងនោះចិនបានយល់ព្រមនាំចូលទំនិញតម្លៃ ២០០ពាន់លានដុល្លារពីអាមេរិក ក្នុងរយៈពេល ០២ឆ្នាំ។ រីឯអាមេរិកបានលុបចោលការដំឡើងពន្ធថ្មីទៀត ដែលត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ហើយសន្យាកាត់បន្ថយពាក់កណ្តាល នូវការដំឡើងពន្ធ ១៥ភាគរយ លើទំនិញចិនតម្លៃ ១២០ពាន់លានដុល្លារ ដែលត្រូវបានដាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ចំណែកចិនក៏បានផ្អាកគម្រោងដំឡើងពន្ធថ្មីរបស់ខ្លួនដែរ។
* ខែមករា ឆ្នាំ២០២០៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោនបានដកឈ្មោះចិនចេញពី «ប្រទេសដែលមានគោលនយោបាយ រូបិយវត្ថុខុសប្រក្រតី»។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងរតនាគារជាតិ និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ពុំមានការបន្ធូរបន្ថយ ឬលុបចោលការដំឡើងពន្ធលើទំនិញចិននោះទេ៕
ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០)