(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក អាចនឹងផ្ដាច់ជំនួយយោធា ២៥០លានដុល្លារ ដល់រដ្ឋាភិបាលទីក្រុងបាកដាដ បើសិនជាកងទ័ពរបស់ខ្លួន ត្រូវបានបណ្ដេញចេញ ពីប្រទេសអ៉ីរ៉ាក់ ចំពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងប្រេះឆានឹងគ្នា ក្រោយមេទ័ពអ៉ីរ៉ង់ ត្រូវបានសម្លាប់នៅលើទឹកដីអ៉ីរ៉ាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសារព័ត៌មាន Wall Street Journal ដែលចេញផ្សាយពីព័ត៌មាននេះមុនគេ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន)។ បើតាមប្រភពសារអេឡិចត្រូនិច ចេញពីក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក ដែល Wall Street Journal ទទួលបាន កញ្ចប់ ថវិកាជំនួយយោធា២៥០លានដុល្លារខាងលើ ត្រូវបានសភាអាមេរិកទាំងពីរអនុម័តរួចហើយ។ ចំណែកឯ ខាងសេតវិមានមិនទាន់ធ្វើការអត្ថធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិករួមមានទាំងទីប្រឹក្សាសន្តិសុខជាតិ របស់លោកដូណាល់ ត្រាំ គឺលោក Robert O’Brien បានបញ្ជាក់ជាច្រើនលើកថាអាមេរិកនឹងមិនដក កងទ័ពចេញពីអ៉ីរ៉ាក់ជាដាច់ខាត ហើយបើត្រូវដកចេញ គឺអាស្រ័យលើការសម្រេចចិត្តដោយផ្ទាល់របស់សហរដ្ឋអាមេរិក។
គួរជម្រាបថា កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ សភាជាតិអ៉ីរ៉ាក់ បានបោះឆ្នោតគាំទ្របណ្ដេញកងទ័ពបរទេសចេញពីប្រទេស បន្ទាប់ពីយន្ដហោះដ្រូនអាមេរិក បើកវាយប្រហារសម្លាប់លោកមេទ័ពអ៉ីរ៉ង់ Qasem Soleimani និងមេបញ្ជាការកងជីវពលអ៉ីរ៉ាក់ លោក Abu Mahdi Muhandis នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា។ ភ្លាមៗនោះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានដែរថាអ៉ីរ៉ាក់ អាចនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច ធ្ងន់ធ្ងរ បើកងទ័ពអាមេរិកត្រូវបង្ខំឱ្យចាកចេញពីអ៉ីរ៉ាក់មែននោះ៕