(បរទេស)៖ អ្នកវិទ្យាសាស្រ្តកំពុងសង្ស័យថា វដ្តថ្មីនៃដែនម៉ាញេទិចរបស់ព្រះអាទិត្យ «Solar Cycle» ទំនងជាបានចូលមកដល់ហើយ បន្ទាប់ពីពួកគេបានមើលឃើញចំណុចខ្មៅ ឬ Sunspot ថ្មីចំនួនពីរនៅលើផ្ទៃព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
ចំណុចខ្មៅ Sunspot ថ្មីចំនួនពីរ ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា NOAA 2753 និង NOAA 2754 ត្រូវបានប្រទះឃើញដោយផ្កាយរណប Solar Dynamics Observatory របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ បើតាម NASA ពួកវាគឺជា Sunspot ថ្មី ដែលត្រូវបានប្រទះឃើញជាលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រការនេះបានន័យថា វដ្តដែនម៉ាញេទិចថ្មីរបស់ព្រះអាទិត្យហៅថា Solar Cycle 25 ហាក់បានចាប់ផ្តើមហើយ។
ជាទូទៅជារៀងរាល់ ១១ឆ្នាំម្តង ដែនម៉ាញេទិចរបស់ព្រះអាទិត្យនឹងក្រឡាប់ គឺដែនម៉ាញេទិចនៅប៉ូលខាងជើង និងខាងត្បូងព្រះអាទិត្យនឹងផ្លាស់ប្តូរទីតាំងគ្នា ហើយក្រោយមក ១១ឆ្នាំទៀត ពួកវានឹងផ្លាស់ប្តូរកន្លែងគ្នាជាថ្មីម្តងទៀត ពោលគឺពួកវាផ្លាស់ទៅផ្លាស់មកបែបនេះរាល់ពេល ១១ឆ្នាំ ខណៈដែនម៉ាញេទិចរបស់ផែនដីយើងផ្ទាល់ ក៏មានការក្រឡាប់យ៉ាងដូច្នេះដែរ។ វដ្តដែនម៉ាញេទិចនេះមានឥទ្ធិពលទៅលើសកម្មភាពនានា នៅលើផ្ទៃព្រះអាទិត្យ ដូចជាចំណុច Sunspot ដែលបង្កឡើងដោយដែនម៉ាញេទិចរបស់ព្រះអាទិត្យជាដើម។ ខណៈដែនម៉ាញេទិចមានការប្រែប្រួល អត្រានៃសកម្មភាពនៅលើផ្ទៃរបស់ព្រះអាទិត្យ ក៏ប្រែប្រួលទៅតាមនោះដែរ។
មធ្យោបាយមួយដើម្បីតាមដាន Solar Cycle គឺតាមរយៈការរាប់ចំនួន Sunspot នៅលើផ្ទៃព្រះអាទិត្យ។ បើតាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្ត ពេលចាប់ផ្តើមនៃវដ្តនេះហៅថា Solar minimum ដែលជាពេលព្រះអាទិត្យមានចំណុច Sunspot តិចបំផុតនៅលើផ្ទៃរបស់វា ប៉ុន្តែយូរទៅសកម្មភាពនៅលើផ្ទៃព្រះអាទិត្យ ព្រមទាំងចំនួន Sunspot នឹងកើនឡើងជាបន្តបន្ទាប់។ នៅពេលដល់ពាក់កណ្តាលនៃវដ្តនេះវិញ គឺគេហៅថា Solar maximum ដែលជា ពេលព្រះអាទិត្យមានចំណុច Sunspot ច្រើនបំផុត។ នៅពេលវដ្តនេះបញ្ចប់ទៅ វានឹងត្រឡប់ទៅរក Solar minimum វិញ ហើយវដ្តថ្មីទៀត នឹងចាប់ផ្តើម ខណៈវដ្តនីមួយៗត្រូវប្រើរយៈពេលជាទូទៅ ១១ឆ្នាំ។
តាមរយៈការប្រទះឃើញ Sunspot ថ្មីពីរខាងលើ អ្នកវិទ្យាសាស្រ្តសង្ស័យថា វដ្តថ្មីនៃដែនម៉ាញេទិចរបស់ព្រះអាទិត្យទំនងជាបានចាប់ផ្តើមហើយ ហើយនៅដំណាក់កាល Solar minimum ឬមួយក៏ហួសបាត់ទៅហើយ។
គួរជម្រាបថា បាតុភូតបន្ទុះធំៗនៅលើផ្ទៃព្រះអាទិត្យដូចជា អណ្តាតភ្លើងព្រះអាទិត្យ (Solar flare) និង ការជះចេញនៃអណ្តាតភ្លើងព្រះអាទិត្យ (Coronal mass ejection) ក៏នឹងកើនឡើងសកម្មភាពក្នុងអំឡុង Solar Cycle ផងដែរ ខណៈបាតុភូតទាំងនេះ តែងតែជះកម្លាំងថាមពលដ៏ខ្លាំងក្លា សាយភាយទៅក្នុងទីអវកាស ហើយមកដល់ផែនដីយើង ថែមទៀត។ បាតុភូតបន្ទុះនៅលើផ្ទៃព្រះអាទិត្យនេះហើយ ដែលបានបង្កើតជាពន្លឺកម្មរស្មីប៉ូលអូរ៉ូរ៉ា (Aurora) នៅប៉ូលផែនដី នៅពេលមានប្រតិកម្មជាមួយស្រទាប់ម៉ាញេទិចផែនដី ប៉ុន្តែបើការផ្ទុះគឺខ្លាំងក្លាមែនទែននោះ ពួកវាអាចប៉ះពាល់ដល់ប្រព័ន្ធទំនាក់ទំនងតាមរលកវិទ្យុ ឬមួយក៏ដល់បណ្តាញអគ្គិសនីនៅលើភពរបស់យើង។
វដ្តដែនម៉ាញេទិចរបស់ព្រះអាទិត្យមួយចំនួន អាចមានចំណុចខ្មៅ Sunspot ច្រើនជាង ហើយសកម្មភាពលើផ្ទៃព្រះអាទិត្យ មានការពុះកញ្រ្ជោលខ្លាំងជាងវដ្តខ្លះទៀត។ បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តនៅលើផែនដីយើង កំពុងព្យាយាមបង្កើនសមត្ថភាពព្យាករណ៍ ពីកម្លាំង និងរយៈពេលនៃវដ្ត Solar Cycle នីមួយៗរបស់ព្រះអាទិត្យ៕