(វ៉ាស៊ីនតោន)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ដែលនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃពុធនេះ មិនបានរាប់បញ្ចូលការព្រមព្រៀងគ្នា លើការបន្ធូរបន្ថយ ឬលុបចោល ការដំឡើងពន្ធលើផលិតផលសំខាន់របស់ចិននោះទេ។ នេះជាការបញ្ជាក់ពីក្រុមមន្ត្រីអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងរតនាគារជាតិ និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ដូច្នេះថា «គ្មានឡើយកិច្ចព្រមព្រៀងលើការបន្ធូរបន្ថយ ឬលុបចោលការដំឡើងពន្ធ... ហើយពាក្យចចាមអារ៉ាមទាំងឡាយផ្ទុយពីការលើកឡើងនេះ គឺជារឿងមិនពិត»។ លើសពីនេះទៅទៀត មុននឹងការចេញផ្សាយសេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយព័ត៌មាន Bloomberg រាយការណ៍ថា ការដំឡើងពន្ធរាប់ពាន់លានដុល្លារលើផលិតផលចិន នឹងបន្តអនុវត្តរហូតដល់ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់ពីប្រព្រឹត្តិការណ៍នេះ ការដំឡើងពន្ធអាចនឹងត្រូវលុបចោល។
យ៉ាងណាក៏ដោយ បើតាមរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) ទីក្រុងវ៉ាស៊ីនតោននឹងបន្តរក្សាការដំឡើងពន្ធលើផលិតផលចិន រហូតដល់មានការអនុវត្តទាំងស្រុងនូវតំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
គួរជម្រាបថា ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី (Liu He) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នៅឯសេតវិមានរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃពុធសប្ដាហ៍នេះ វេលាម៉ោង ១១៖៣០នាទីព្រឹកម៉ោងនៅវ៉ាស៊ីនតោន៕