(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times បានចេញផ្សាយថា យន្តហោះអ៊ុយក្រែនដឹកមនុស្ស ១៧៦នាក់ ដែលបានធ្លាក់នៅទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់កាលពីមួយសប្តាហ៍មុននេះ តាមពិតទៅត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ រហូតដល់ទីពីរគ្រាប់ឯណោះបុកត្រូវ។ នេះបើតាមការដកស្រង់ព័ត៌មាននាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
ការចេញផ្សាយរបស់ New York Times ខាងលើនេះ គឺយោងទៅលើវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីមីស៊ីលចំនួនពីរគ្រាប់បានហោះឡើង និងបុកចំគោលដៅក្នុងពេលតែមួយនៅលើអាកាស នៅពេលវេលាព្រឹកព្រហាម ដែលយន្តហោះអ៊ុយក្រែនជួបគ្រោះថ្នាក់ កាលពីថ្ងៃពុធសប្តាហ៍មុន។
វាក៏ជាហេតុផលមួយ ដើម្បីជួយបកស្រាយចម្ងល់ផងដែរថា ហេតុអ្វីបានឧបករណ៍ទាក់ទងលើយន្តហោះត្រូវគាំងដំណើរការ មុនពេលបន្តិចដែលយន្តហោះជួបបញ្ហា ហើយប្រការនេះគឺព្រោះតែវាបានគាំងនៅពេលត្រូវគ្រាប់មីស៊ីលទី ១ បុកចំ មុនពេលដែលគ្រាប់ទី ២ មកដល់បានបុកយន្តហោះថែមមួយទៀត។
គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវបានទីក្រុងតេហេរ៉ង់អះអាងថា បានធ្លាក់ដោយសារតែការច្រឡំបាញ់ទម្លាក់ កាលពីព្រឹកព្រហាមថ្ងៃពុធ សប្តាហ៍មុននេះ ខណៈដែលស្ថានការណ៍នៅក្នុងតំបន់កំពុងតែតានតឹងជាខ្លាំង ក្រោយអ៉ីរ៉ង់បាញ់គ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ នៅពេលទាបភ្លឺថ្ងៃដដែល។
ក្រោយការវាយប្រហារនេះ អាជ្ញាធរអាកាសចរណ៍អ៉ីរ៉ង់បានចេញមុខភ្លាមៗដោយអះអាងថា យន្តហោះអ៊ុយក្រែនបានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែក្រោយស៊ើបអង្កេត និងបង្ហាញការសង្ស័យមួយចំនួនពីបណ្តាប្រទេសធំៗដូចជា អាមេរិក កាណាដា និងអង់គ្លេស អ៉ីរ៉ង់ក៏បានសារភាពថា ខ្លួនជាអ្នកច្រឡំបាញ់ទម្លាក់។ នៅលើយន្តហោះនោះមានមនុស្សជិះ ចំរុះជាតិសាសន៍សរុប ១៧៦នាក់ ដោយក្នុងនោះជនជាតិអ៉ីរ៉ង់មានច្រើនជាងគេ រហូតដល់ទៅជាង ៨០នាក់ និងកាណាដាក៏ច្រើនដែររហូតដល់ ៦៣នាក់៕