(អាមេរិក)៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ឌែលតាអ៊ែរឡាញ (Delta Airlines) បានធ្វើការទម្លាក់ឥន្ធនៈចេញពីខ្លួនរបស់វា ហើយធ្លាក់មកលើទីធ្លាក្នុងសាលារៀនមួយកន្លែង ស្ថិតនៅទីក្រុងឡូសអាន់ជែឡេស រដ្ឋកាលីហ្វ័រញ៉ា ដែលបានបង្កឲ្យមនុស្ស ២៦នាក់រងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
យន្តហោះខាងលើនេះមានជើងហោះហើរ Delta Flight 89 ដឹកអ្នកដំណើរសរុប ១៤៩នាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងឡូសអាន់ជែឡេស (LAX) សំដៅទៅកាន់ទីក្រុងសៀងហៃ នៃប្រទេសចិន ប៉ុន្តែវាបានងាកត្រឡប់ទៅចុះចតនៅ LAX វិញ ហើយទម្លាក់ឥន្ធនៈមួយចំនួនចេញពីតួខ្លួនវាទាំងកណ្តាលអាកាសតែម្តង។
បើតាមអ្នកនាំពាក្យ LAX បានបញ្ជាក់ថា «ក្រោយការហោះឡើងបានតែមួយភ្លែតប៉ុណ្ណោះ ជើងហោះហើរ Delta Flight 89 បានជួបបញ្ហាម៉ាស៊ីន ដែលជាហេតុបង្ខំឲ្យយន្តហោះត្រូវត្រឡប់ទៅធ្វើការចុះចតនៅ LAX វិញភ្លាមៗ។ យន្តហោះបានចុះចតដោយសុវត្ថិភាព បន្ទាប់ពីឥន្ធនៈគ្រាមានអាសន្នរបស់វា ត្រូវបានទម្លាក់ចោល ដើម្បីកាត់បន្ថយទម្ងន់នៅពេលយន្តហោះត្រូវចុះចត»។
គួរបញ្ជាក់ថា ក្មេងតូចៗ ០៧នាក់ និងក្មេងជំទង់ ០៩នាក់បានទទួលរងរបួស នៅក្នុងចំណោមមនុស្សរងគ្រោះសរុប ២៦នាក់ ដែលត្រូវបានសាំងយន្តហោះធ្លាក់ចំ នៅក្នុងទីផ្សារសាលារៀន ឃ្យូដាហ៊ី (Cudahy) ស្ថិតសង្កាត់មួយនៃភាគអាគ្នេយ៍ទីក្រុង ឡូសអាន់ជែឡេស។ ដោយសារតែពួកគេត្រឹមរងរបួសស្រាលនៅហ្នឹងកន្លែង ដូច្នេះមិនមាននរណាម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះឡើយ៕