(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor នាថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគទំហំ ៨២លានដុល្លារបន្ថែមទៀត សម្រាប់ការពង្រីករោងចក្រ នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
សាខារបស់ក្រុមហ៊ុន Ford ប្រចាំនៅវៀតណាម ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ បានបញ្ជាក់ថា ការពង្រីករោងចក្របែបនេះ នឹងជួយបង្កើនសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរបស់ Ford នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះពី ១៤,០០០គ្រឿង ឲ្យឡើងដល់ ៤០,០០០គ្រឿងក្នុងមួយឆ្នាំ។ ការវិនិយោគបន្ថែមខាងលើ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈពីរដំណាក់កាល ដែលមានរយៈពេល ០២ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២០នេះទៅ ហើយវាបានធ្វើឲ្យទំហំនៃការវិនិយោគ សរុបរបស់ក្រុមហ៊ុន Ford នៅវៀតណាមកើនដល់ជាង ២០០លានដុល្លារ។
គួរជម្រាបថា បើតាមអនុរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមលោក ដូ ថាន់ហៃ (Do Than Hai) រំពឹងថា ការពង្រីករោងចក្ររបស់ក្រុមហ៊ុន Ford នឹងជួយវៀតណាម កាត់បន្ថយការពឹងផ្អែកលើយានជំនិះ ដែលនាំចូលពីក្រៅប្រទេស ដែលនឹងធ្វើឲ្យឱភាពពាណិជ្ជកម្មប្រទេសលោកថយចុះ។ រោងចក្រផលិតរថយន្តរបស់ Ford នៅប្រទេសវៀតណាមនឹងត្រូវពង្រីកការសាងសង់ទៅលើផ្ទៃដីទំហំ ៦០,០០០ម៉ែត្រក្រឡាបន្ថែមទៀត ដែលនឹងធ្វើឲ្យវាមានទំហំសរុប ២២៦,០០០ម៉ែត្រក្រឡា៕