(ម៉ូស្គូ)៖ កិច្ចចរចានៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដែលមានគោលដៅស្វែងរកកិច្ចព្រមព្រៀងលើបទឈប់បាញ់សម្រាប់ប្រទេសលីប៊ី បានទទួលបរាជ័យដោយមិនទាន់អាចរក ច្រកចេញបានឡើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនៅត្រូវរង់ចាំការសម្រេចចិត្តពីសំណាក់រដ្ឋាភិបាលលីប៊ីភាគខាងកើតជាមុនសិន ស្របពេលកិច្ចប្រជុំមួយផ្សេងទៀត ត្រូវបាន គេរំពឹងថានឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៩ ខែមករានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
នៅក្នុងកិច្ចចរចាសម្របសម្រួលឡើងដោយរុស្ស៊ី និងតួកគី ប្រមុខរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិលីប៊ី របស់នាយករដ្ឋមន្ត្រី លោក Fayez al-Sarraj មានមូលដ្ឋាននៅទីក្រុង ទ្រីប៉ូលី គាំទ្រដោយអង្គការសហប្រជាជាតិ បានចុះហត្ថលេខលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ខណៈលោក Khalifa Haftar មេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើតនៃប្រទេស បានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណាជាមុនសិន។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov សង្ឃឹមថារដ្ឋាភិបាលភាគខាងកើត នឹងធ្វើការសម្រេចចិត្តជាវិជ្ជមាន។ លោកប្រមុខការទូតរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលលីប៊ីខាងកើត មានការយល់ ឃើញជាវិជ្ជមានលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់...ប៉ុន្តែពួកគេបានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណារហូតដល់ព្រឹកថ្ងៃស្អែក (ថ្ងៃអង្គារ) ដើម្បីធ្វើការ សម្រេចចិត្ត ហើយខ្ញុំជឿជាក់ថាពួកគេនឹងសម្រេចចិត្តប្រកបដោយភាពវិជ្ជមាន ខណៈអ្នកតំណាងមកពីរុស្ស៊ី និងតួកគី នឹងបន្តផ្ដល់ជំនួយ និងការគាំទ្រ»។
គួរជម្រាបថា តួកគី និងរុស្ស៊ី ដែលគាំទ្រភាគីជម្លោះរៀងៗខ្លួននៅលីប៊ី បានជំរុញឱ្យមានការចុះហត្ថលេខាលើបទឈប់បាញ់ បញ្ចប់សង្រ្គាមរវាងរដ្ឋាភិបាលទី្រប៉ូលី និងរដ្ឋាភិបាល Benghazi ស្ថិតភាគខាងកើតនៃប្រទេស អស់រយៈពេលជាង៩ខែមកនេះ ព្រមទាំងបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិដោយសន្តិវិធី។ សង្រ្គាមរវាងភាគីទាំង២ បានផ្ដាច់ជីវិត ជនស៊ីវិលច្រើនជាង២៨០នាក់ និងអ្នកប្រយុទ្ធ២,០០០នាក់ រីឯប្រជាជនលីប៊ី ១៤៦,០០០នាក់ផ្សេងទៀត ក្លាយជាជនភៀសខ្លួន ចាប់តាំងរដ្ឋាភិបាលរបស់លោក Haftar បើក ការវាយប្រហារដណ្ដើមគ្រប់គ្រងទីក្រុងទ្រីប៉ូលី។
ដោយឡែក ក្រៅតែរុស្ស៊ី និងតួកគី ជម្លោះនៅលីប៊ីក៏បានបង្កទៅជាការបង្កើតបក្សសម្ព័ន្ធរួចទៅហើយផងដែរ ដោយគេមើលឃើញថារុស្ស៊ី អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីបជាដើម គំាទ្ររដ្ឋាភិបាលភាគខាងកើត ចំណែកឯតួកគី និងកាតា គាំទ្ររដ្ឋាភិបាលទ្រីប៉ូលី ដែលនៅលើក្រដាសទទួលបានការគំាទ្រពី បណ្ដាប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ ហើយនេះអាចនឹងធ្វើឱ្យការស្វែងរកសន្តិភាពឱ្យលីប៊ី កាន់តែមានភាពស្មុគស្មាញ ដោយសារប្រយោជន៍នយោបាយ៕