(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី អេលីហ្សាប៊ែត វ៉ារែន (Elizabeth Warren) បានអះអាងថា គូប្រជែងនៅក្នុងបក្សដូចគ្នាគឺលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) បានប្រាប់លោកស្រីថា ស្ត្រីមិនអាចឈ្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ នោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
បើតាមលោកស្រី Warren ការកត់សម្គាល់ខាងលើត្រូវបានធ្វើឡើង កំឡុងកិច្ចប្រជុំឯកជនមួយមានពេល ០២ម៉ោងជាមួយលោក Sanders កាលពីឆ្នាំ២០១៨ ប៉ុន្តែវាត្រូវបានលើកយកមកជជែកជាថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីទូរទស្សន៍ CNN បានដកស្រង់សម្ដីមន្ត្រីជំនិតម្នាក់របស់លោកស្រី ដោយបញ្ជាក់ថា លោក Sanders បាននិយាយបែបនេះ។ លោកស្រី Warren បានលើកឡើងដូច្នេះថា «នៅក្នុងចំណោមប្រធានបទជាច្រើនមានការលើកឡើងថា តើនឹងមានអ្វីកើតឡើងនៅពេលស្រ្តីម្នាក់ ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី តំណាងឱ្យបក្សប្រជាធិបតេយ្យ? ខ្ញុំគិតថា ស្ត្រីអាចនឹងទទួលជ័យជម្នះ តែលោកលោកមិនយល់ស្របដូចខ្ញុំទេ»។
ទោះបីជាយ៉ាងនេះក្ដី លោក Sanders បានប្រតិកម្មតបដោយទាត់ចោលការអះអាងរបស់លោកស្រី ជាមួយការបញ្ជាក់ថា លោកជឿថាស្ត្រីម្នាក់អាចនឹងផ្ដួល លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោក Sanders ឆ្លើយតបទៅវិញដូច្នេះដែរថា «វាគឺជារឿងគួរឱ្យអស់សំណើច! នៅក្នុងជំនួបតែមួយដែលលោកស្រី Elizabeth Warren ប្រាប់ខ្ញុំថា គាត់នឹងចូលរួមឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ហើយខ្ញុំបែរទៅជានិយាយថា ស្ត្រីម្នាក់មិនអាចក្លាយជាប្រធានាធិបតីអាមេរិកទៅវិញ។ ដូច្នេះចំពោះសំនួរថា តើខ្ញុំជឿជាក់ថាស្ត្រីម្នាក់អាចនឹងទទួលបានជ័យជម្នះដែរ ឬទេនៅឆ្នាំ២០២០? ជាការពិតណាស់ ស្ត្រីម្នាក់អាចនឹងទទួលបានជ័យជម្នះ ជាឧទាហរណ៍គឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានផ្ដួលលោក ត្រាំ ដោយទទួលបានសំឡេងពីប្រជាជនអាមេរិក (Popular vote) ច្រើនជាងរូបលោកដល់ទៅ ៣លាននាក់កាលពីឆ្នាំ២០១៦»។
គួរបញ្ជាក់ថា ទាំងលោកស្រី Elizabeth Warren និងលោក Bernie Sanders ត្រូវបានគេមើលឃើញថា សុទ្ធសឹងតែជាបេក្ខជនមានប្រជាប្រិយភាព នៃបក្សប្រជាធិបតេយ្យ ហើយជម្លោះពាក្យសម្ដីកើតមានឡើង នៅមុនពេលអ្នកទាំងពីរ ត្រូវចូលរួមក្នុងវេទិកាជជែកដេញដោល របស់គណបក្សប្រជាធិបតេយ្យ តាមកញ្ចក់ទូរទស្សន៍នៅរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) នៅថ្ងៃអង្គារសប្ដាហ៍នេះ។
បេក្ខជន ០៦នាក់ បានឆ្លងផុតវគ្គជម្រុះចូលដល់ជុំបន្ទាប់នៅរដ្ឋ Iowa ក្នុងនោះរួមមានអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) ផងដែរ។ បើតាមការស្ទង់មតិនៅក្នុងបក្សប្រជាធិបតេយ្យ ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមករានេះ លោក Biden ទទួលបានសំឡេងគាំទ្រ ២៣ភាគរយ, លោក Sanders ២០ភាគរយ និងលោកស្រី Warren ១៥ភាគរយ៕