(ឡុងដ៍)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ស្ថានភាពភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសអូស្រ្តាលី អាចនឹងក្លាយជារឿងដែលកើតមានឡើងជាប្រចាំតែម្តង ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតែពុំត្រូវបានកាត់បន្ថយបានច្រើនទេនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។
ខណៈរដ្ឋាភិបាលអូស្រ្តាលី និងសារព័ត៌មានអូស្រ្តាលីមួយចំនួនបានព្យាយាមផ្សព្វផ្សាយថា បញ្ហាបម្រែបម្រួលអាកាសដែលបង្កឡើងដោយស្នាដៃមនុស្ស មិនមានចំណែកធំដុំឡើយនោះ ក្នុងការធ្វើឲ្យប្រទេសមួយនេះកាន់តែងាយរងគ្រោះធ្ងន់ធ្ងរ ពីភ្លើងឆេះព្រៃ ការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត របស់ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា វាមានទំនាក់ទំនងជាមួយគ្នា។ អ្នកវិទ្យាសាស្រ្តអង់គ្លេស លោក រីឆាដ បេតស៍ (Richard Betts) បានព្រមានថា ពួកយើងទំនងជាមិនអាចធ្វើឲ្យបញ្ហា បម្រែបម្រួលអាកាសធាតុសកលត្រឡប់ថយក្រោយវិញឡើយ ហេតុដូច្នេះស្ថានភាពភ្លើងឆេះព្រៃបច្ចុប្បន្ននៅអូស្រ្តាលី អាចនឹងបន្តក្លាយជារឿងធម្មតាក៏ថាបានដែរ។
យោងតាមការសិក្សារបស់លោក Betts បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលបង្កបាតុភូតម៉្យាងដែលអ្នកវិទ្យាសាស្រ្តហៅថា «អាកាសធាតុភ្លើង» កាន់តែកើតមានញឹកញាប់ ហើយមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងៗ។ មិនត្រឹមតែអូស្រ្តាលីប៉ុណ្ណោះទេ ដែលទទួលរងឥទ្ធិពលនេះ សូម្បីតែនៅភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដា ព្រមទាំងភាគខាងត្បូងអឺរ៉ុប និងអាម៉ាហ្សូនក៏ដូចគ្នាដែរ ប៉ុន្តែអូស្រ្តាលីរងគ្រោះធ្ងន់ជាងគេ។
គួរជម្រាបថា ភ្លើងឆេះព្រៃនៅភាគខាងកើត ក៏ដូចជាភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ ព្រមទាំងបំផ្លាញលំនៅឋានប្រមាណ ២,០០០ខ្នង ហើយផ្ទៃដី ១១.២លានហិកតាត្រូវបានឆាបឆេះខ្ទេចខ្ទី គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់បច្ចុប្បន្ន។ អ្វីដែលគួរឲ្យខ្លោចផ្សាបន្ថែមទៀតនេះ សត្វព្រៃដែលជាធនធានធម្មជាតិ ដ៏មានតម្លៃរបស់អូស្ត្រាលីប្រមាណជិត ១ពាន់លានក្បាល ត្រូវបានគេសង្ស័យថា បានងាប់ក្នុងអណ្តាតភ្លើង៕