(ម៉ានីល)៖ គូស្នេហ៍មួយគូ នៅក្នុងប្រទេសហ្វីលីពីនច្បាស់ជាស្រឡាញ់គ្នាខ្លាំងណាស់ហើយ ព្រោះថាសូម្បីតែភ្នំភ្លើងមួយបានជះកម្អែរផេះយ៉ាងធំសម្បើមឡើងលើផ្ទៃមេឃ ដែលមើលទៅគួរឲ្យខ្លាចក្តី នៅតែមិនគ្រប់គ្រាន់អាចរារាំងពួកគេទាំងពីរ មិនឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាននោះឡើយកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។
រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនោះ ត្រូវបានបង្ហោះនៅលើ Facebook Page របស់ស្ទួឌីយោថតរូប Randolf Evan Photography ដែលទទួលបន្ទុកផ្តិតយកសកម្មភាពក្នុងកំឡុងពិធីរៀបការរបស់អ្នកទាំងពីរ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលដែលភ្នំភ្លើងដ៏ល្បីមួយនៅហ្វីលីពីនឈ្មោះថា Taal កំពុងតែហុយចេញផ្សែងនិងផេះ ដែលជះឡើងលើផ្ទៃអាកាសកម្ពស់រាប់ពាន់ម៉ែត្រ មើលទៅគួរឲ្យខ្លាច តែទន្ទឹមគ្នានោះក៏អស្ចារ្យផងដែរ។ យោងតាមការបញ្ជាក់របស់ស្ទូឌីយោនោះ គូស្នេហ៍ទាំងគឺបានត្រៀមរៀបចំលក្ខណៈរួចស្រេច ក្នុងករណីបន្ទាន់ ប៉ុន្តែបានសម្រេចចិត្តមិនផ្អាកកម្មវិធីរបស់ពួកគេឡើយ។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យ អាជ្ញាធរហ្វីលីពីនបានបង្កើនកម្រិតប្រកាសអាសន្នដល់លេខ៤ ក្នុងចំណោមកម្រិតខ្ពស់បំផុតត្រឹមលេខ៥ សម្រាប់ភ្នំភ្លើង Taal នៅឯក្រុង Talisay ក្នុងខេត្ត Batangas ចម្ងាយប្រហែល៦៦គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ខណៈមនុស្សប្រមាណ៤៥,០០០នាក់ ដែលរស់នៅតំបន់ជិតភ្នំភ្លើង ត្រូវបានជម្លៀសចេញ។ Taal គឺជាភ្នំភ្លើងដែលអស្ថិរភាពបំផុតមួយ ក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល ២៤ នៅទូទាំងប្រទេសហ្វីលីពីន ហើយវាធ្លាប់បានផ្ទុះ ៣៤លើកមកហើយ៕