(បាកដាដ)៖ អាជ្ញាធរអ៉ីរ៉ាក់បានអះអាងថា គ្រាប់រ៉ុក្កែតសរុបចំនួន ០៧គ្រាប់ បានធ្លាក់លើមូលដ្ឋានទ័ពអាកាសបាឡាដ (Balad) ស្ថិតនៅភាគខាងជើងប្រទេស ចម្ងាយប្រមាណ ៦៤គីឡូម៉ែត្រពីរដ្ឋធានីបាកដាដ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។
ទោះបីជាបែបនេះក្តី មានប្រភពផ្សេងៗគ្នាបានចេញមុខអះអាងថា អំពីការវាយប្រហារនេះ ដោយខ្លះថាមូលដ្ឋានទ័ពអាកាសបាឡាដ ដែលមានវត្តមានយោធាអាមេរិកតាំងនៅផងដែរនេះ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ០៤គ្រាប់ និងខ្លះទៀតថារហូតដល់ទៅ ០៨គ្រាប់ឯណោះ។
គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺមិនទាន់មានការបញ្ជាក់ថា ត្រូវបានបង្កឡើង ដោយភាគីណាមួយនោះឡើយ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីការវាយប្រហារ ដោយគ្រាប់មីស៊ីលចំនួន ១៦គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកពីរកន្លែង នៅក្នុងទឹកដីអ៉ីរ៉ាក់ដូចគ្នា តែមិនបានបង្កឲ្យទាហានអ៉ីរ៉ាក់ ឬអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះឡើយ កាលពីថ្ងៃពុធសប្តាហ៍មុន៕