(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានព្រមានបិទខ្ទប់គណនីតម្កល់លុយរាប់ពាន់លានដុល្លាររបស់អ៉ីរ៉ាក់ នៅក្នុងធនាគារកណ្ដាលអាមេរិក (Fed) បើសិនជាទីក្រុងបាកដាដ បណ្ដេញកងទ័ពអាមេរិកចេញពីអ៉ីរ៉ាក់មែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Spuntik នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។
សារព័ត៌មាន Spuntik ដោយផ្អែកលើការចេញផ្សាយដំបូងគេ ដោយសារព័ត៌មាន Wall Street Journal បានបញ្ជាក់ដែរថាក្រៅតែពីការព្រមានបិទគណនីរដ្ឋាភិបាលអ៉ីរ៉ាក់ សហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនផងដែរ។ ចំណែកឯ ខាងធនាគារកណ្ដាល និងក្រសួងរតនាគារអាមេរិក មិនបានធ្វើអត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ។ Wall Street Journal ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីរ៉ាក់ម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឱ្យដឹងទៀតថា នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Adel Abdul-Mahdi បានទទួលសារព្រមានពីការបិទខ្ទប់គណនីតម្កល់លុយរាប់ពាន់លានដុល្លារ ដែលបានមកពីចំណូលប្រេង នៅកំឡុង កិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃពុធ ទី៨ ខែមករាកន្លងទៅ។
ប៉ុន្តែ រដ្ឋាភិបាលអ៉ីរ៉ាក់ ក៏ទាន់មិនបានទទួលស្គាល់ព័ត៌មាននេះនៅឡើយដែរ ហើយបើទោះជាមិនមាន ការបញ្ជាក់ថាលុយតម្កល់មានចំនួនប៉ុន្មានឱ្យប្រាកដក៏ដោយ តែ Wall Street Journal បានអះអាងថា អ៉ីរ៉ាក់បានតម្កល់លុយទុកជាង ៣ពាន់លានដុល្លារ នៅឯធនាគារ កណ្ដាលអាមេរិក គិតត្រឹមចុងឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុនសភាអ៉ីរ៉ាក់ បានបោះឆ្នោតគាំទ្រឲ្យបណ្តេញ កងទ័ពបរទេសទាំងអស់ចេញពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីអាមេរិកបានប្រើយន្តហោះ ដ្រូនវាយប្រហារនៅទីក្រុងបាកដាដរបស់អ៉ីរ៉ាក់ ដើម្បីផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៉ីរ៉ង់ លោក Qassem Soleimani ហើយការវាយប្រហារនោះក៏បានផ្តាច់ជីវិតលោក Abu Mahdi al-Muhandis ដែលជាមេកងជីវពលអ៉ីរ៉ាក់ម្នាក់ផងដែរ។
ពេលនោះក្រោយ សភាអ៉ីរ៉ាក់ទាមទារឲ្យកងកម្លាំងបរទេសត្រូវដកចេញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងទាមទារឲ្យទីក្រុងបាកដាដសងលុយរាប់ពាន់លានដុល្លារសម្រាប់ការសាងសង់មូលដ្ឋានទ័ពនៅអ៉ីរ៉ាក់ និងព្រមានដាក់ទណ្ឌកម្ម ឲ្យធ្ងន់ថែមទៀត។ កងទ័ពអាមេរិកប្រមាណ៥,២០០នាក់ កំពុងឈរជើងនៅតាមមូលដ្ឋានទ័ពពាសពេញប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តល់ការ ហ្វឹកហាត់ក៏ដូចជាជួយកងទ័ពអ៉ីរ៉ាក់ ទប់ស្កាត់ការងើបឡើងវិញនៃក្រុមភេរវករ ISIS។
កងទ័ពអាមេរិកទាំងនោះ ស្ថិតក្នុងចំណោម កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៉ីរ៉ាក់បានហៅឲ្យមកជួយខ្លួនទប់ទល់ជាមួយពួក ISIS កាលពីឆ្នាំ២០១៤ ខណៈ ការដាក់ពង្រាយកងទ័ពបរទេសទាំងនោះនៅក្នុងទឹកដីអ៉ីរ៉ាក់ ត្រូវបានធ្វើឡើងក្រោមការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ប៉ុន្តែមិនមានការផ្តល់សច្ចានុម័តពីសភាអ៉ីរ៉ាក់ឡើយ៕