(អូស្ត្រាលី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបង្ហាញការសោកស្ដាយ និងសារភាពពីកំហុសមួយចំនួន នៅក្នុងការដោះស្រាយវិបត្តិភ្លើង ឆេះព្រៃ ដែលកំពុងលុកលុយស្ទើរតែពាសពេញផ្ទៃប្រទេស ដោយមិនដឹងថាពេលណាត្រូវបញ្ចប់ ខណៈអ្នកស្លាប់កើនដល់២៨នាក់ហើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។
លោក Morrison ដែលកំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយវិបត្តិភ្លើងឆេះព្រៃ និងគោលនយោបាយអាកាសធាតុ នៃរដ្ឋាភិបាលរបស់លោក ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែ ខណៈបង្ហាញការសោកស្ដាយ និងសារភាពពីកំហុសមួយចំនួន លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសន្យាដែរថាលោកនឹងស្នើឱ្យមានការត្រួតពិនិត្យថ្នាក់ជាតិឡើងវិញ នូវគោលនយោបាយឆ្លើយតប និងដោះស្រាយគ្រោះ មហន្តរាយ។ លោក Morrison បានគូសបញ្ជាក់នាឱកាសនោះ ដូច្នេះថា៖ «ជាការពិតណាស់ វាចំាបាច់ត្រូវតែមានការត្រួតពិនិត្យថ្នាក់ជាតិឡើងវិញ នូវគោលនយោបាយដោះស្រាយគ្រោះមហន្តរាយ...ហើយខ្ញុំនឹងដាក់សំណើនេះទៅកាន់គណៈរដ្ឋមន្ត្រី។ ប៉ុន្តែ វាក៏ត្រូវការការប្រឹក្សាយោបល់ជាមួយរដ្ឋ និងដែនដី អូស្រ្តាលីផងដែរ»។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បានសម្លាប់មនុស្ស២៨នាក់ហើយ និងបំផ្លាញផ្ទះជាង២,០០០ខ្នង ព្រមទាំងសម្លាប់ជីវិតសត្វរាប់រយលានក្បាល ហើយរដ្ឋ New South Wales និងរដ្ឋ Victoria រងគ្រោះខ្លាំងជាងគេ៕