(សេអ៊ូល)៖ ក្រោយសហរដ្ឋអាមេរិកសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani នៅលើទឹកដីអ៉ីរ៉ាក់ ដោយប្រើយន្ដហោះដ្រូន MQ-9 តាមបញ្ជាដោយផ្ទាល់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក មានការសន្និដ្ឋានផ្សេងៗគ្នាជាច្រើនបានកើតឡើងដោយ ខ្លះថា នេះគឺជាសារព្រមានមួយទៅដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងខ្លះទៀតថា យល់ថានេះជាផលប្រយោជន៍នយោបាយរបស់ លោក ត្រាំ ដែលចង់បង្វែរស្ថានការណ៍នយោបាយនៅក្នុងស្រុក ជាពិសេសគឺនិតិវិធីដកតំណែងរូបលោក ដោយឱ្យប្រជាជន និងអ្នកនយោបាយអាមេរិក ងាកមកផ្ដោតលើភាពតានតឹងជាមួយអ៊ីរ៉ង់វិញ។
* កូរ៉េខាងជើង មិនមែនជាអ៉ីរ៉ង់
នេះគឺជាសំនួរដែលបានត្រូវបានគេចោទសួរ ក្រោយមេទ័ពអ៉ីរ៉ង់ លោក Soleimani ដែលធ្លាប់ព្រមានកម្ទេចសហរដ្ឋអាមេរិក ឱ្យក្លាយទៅជាផេះ ត្រូវបាន អាមេរិកសម្លាប់តាមបញ្ជារបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានអះអាងថា ការសម្រេចចិត្តបែបនេះគឺជាការការពារខ្លួនសុទ្ធសាធ ដ្បិតលោក Soleimani កំពុងរៀបចំគម្រោងវាយប្រហារលើបុគ្គលិកទូត និងយោធាអាមេរិក ដែលនេះគឺជាការគំរាមកំហែងភ្លាមៗ តម្រូវឱ្យអាមេរិកត្រូវចាត់វិធានការ ឆ្លើយតបជាបន្ទាន់។ ត្រឡប់ទៅកាលពីឆ្នាំ២០១៧វិញ លោក គីម ជុងអ៊ុន និងមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបក៏ធ្លាប់បានព្រមានវាយប្រហារ លើកោះហ្គាំ និងកម្ទេចអាមេរិកឱ្យក្លាយជាផេះផងដែរ ហើយការគំរាមនេះត្រូវបានសេតវិមានចាត់ទុកថា ជាការគំរាមកំហែងភ្លាមៗ រហូតដល់មានការចោទ សួរពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង ដើម្បីទប់ស្កាត់កុំឱ្យលោក គីម ជុងអ៊ុន បន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ទៀតផង។
ចំពោះមុខការគំរាមវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដាក់គ្នាទៅវិញទៅមក នៅក្រោយឆាកឯណោះវិញ ក្រុមមន្ត្រីការទូតអាមេរិក និងកូរ៉េខាងជើង បានជួបចរចាគ្នាជាបន្តបន្ទាប់ ទាំងជាសំងាត់ និងជាសាធារណៈ រហូតអាចរៀបចំជំនួបកំពូលលើកទីមួយរបស់លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរីកាលពីឆ្នាំ២០១៨ កន្លងទៅ។ ក៏ប៉ុន្តែ នៅពីក្រោយការបន្ទន់ឥរិយាបថនេះ អ្នកជំនាញជាច្រើនយល់ថា នេះមកពីអាមេរិកដឹងថាការបង្កសង្រ្គាម ជាមួយកូរ៉េខាងជើង មិនទទួលបានផលចំណេញ ដូចនៅមជ្ឈិមបូព៌ាឡើយ ហើយមិនតែប៉ុណ្ណោះវាអាចនឹងបង្កទៅជាសង្រ្គាមលោកលើកទី៣ក៏ថាបាន ពីព្រោះកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា មានមីស៊ីលបាលិស្ទីគអន្តរទ្វីប ដែលអាចបាញ់ដល់ទឹកដីអាមេរិក និងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៤០គ្រាប់ ព្រមទាំងមានចិន និងរុស្ស៊ីជាខ្នងបង្អែកដ៏រឹងមាំ។
ម្យ៉ាងវិញទៀត ទីតាំងភូមិសាស្រ្តរបស់កូរ៉េខាងជើង គឺមានលក្ខណៈពិសេស ពោលស្ថិតនៅជិតចិន និងរុស្ស៊ី ដែលនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ធ្វើអ្វីតាមតែទំនើងចិត្តនៅក្បែរបងផ្ទះរបស់ពួកគេនោះទេ។ ចំណែកឯ ជប៉ុន និងកូរ៉េខាងត្បូង ក៏នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងអាមេរិកផងដែរ ដ្បិតបើសង្រ្គាមផ្ទុះឡើងប្រទេសទាំង២នេះ នឹងក្លាយជាផ្ទាំងស៊ីបនៃមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
ទាញចេញពីចំណុចទាំងនេះ ទីក្រុងវ៉ាស៊ីនតោន អាចនឹងមិនភ័យខ្លាចឡើយក្នុងការធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ តែជាមួយកូរ៉េខាងជើងគឺផ្សេងពីគ្នា។ ផ្សេងពីគ្នា ដោយហេតុថា សង្រ្គាមជាមួយកូរ៉េខាងជើង គឺជាសង្រ្គាមប្រថុយប្រថាន ខាតបង់ប្រយោជន៍ច្រើនជាងចំណេញ។ តែយ៉ាងណាក៏ដោយសង្រ្គាម ជាមួយអ៊ីរ៉ង់ ក៏ត្រូវបានគេមើលឃើញដែរថា នឹងមិនងាយនឹងផ្ទុះឡើងនោះទេ ព្រោះជាយុទ្ធសាស្ត្រលក់អាវុធឱ្យដាច់នៅមជ្ឈិមបូព៌ា អាមេរិកនៅត្រូវការអ៉ីរ៉ង់នៅឡើយ ដើម្បីបំភ័យឱ្យបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឱ្យទិញសព្វាវុធពីខ្លួន ដើម្បីយកទៅការពារការវាយប្រហារណាមួយពីអ៉ីរ៉ង់ ដែលជាសត្រូវធំបំផុតរបស់អារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីតតែម្ដង។ អ៉ីរ៉ង់វិញក៏ដឹងខ្លួនដែរថាបើសង្រ្គាមផ្ទុះឡើងដោយផ្ទាល់ជាមួយអាមេរិក ខ្លួននឹងមិនអាចឈ្នះទេ ដូច្នេះជាជាងការធ្វើសង្រ្គាមដោយផ្ទាល់ ទីក្រុងតេហេរ៉ង់ អាចនឹងដឹកនាំសកម្មភាព ដែលអាចបំផ្លាញ ឬធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍អាមេរិកនៅក្នុងតំបន់តែប៉ុណ្ណោះ។
* មរណភាពរបស់លោក Soleimani នឹងក្លាយជាមេរៀនសម្រាប់លោក គីម ជុងអ៊ុន?
កូរ៉េខាងជើង និងអ៉ីរ៉ង់ មានទំនាក់ទំនងការទូតល្អនឹងគ្នា ក៏ដូចជាមានកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ និងបចេ្ចកវិទ្យាមីស៊ីល អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនទាន់បានបញ្ចេញប្រតិកម្មគួរឱ្យកត់សម្គាល់ណាមួយនៅឡើយទេ ជុំវិញការធ្វើឃាត លោក Soleimani ស្របពេលសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo រាយការណ៍ពីពាក្យចចាមអារ៉ាមជាច្រើនថា លោក គីម កំពុងសម្ងំលាក់ខ្លួន នៅក្នុងបន្ទប់ក្រោមដី ដូចដែលឪពុករបស់លោក គឺលោក គីម ជុងអិល ធ្លាប់បានធ្វើកំឡុងអាមេរិកឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ និងអ៉ីរ៉ាក់ នៅឆ្នាំ២០០៣។
ដោយឡែក លោក Van Jackson ជាអតីតមន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក ក្រោមអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា យល់ថា ការសម្លាប់មេទ័ព អ៉ីរ៉ង់ អាចនឹងធ្វើឱ្យកូរ៉េខាងជើង មានលេសថ្មីមួយ ដើម្បីបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប។ លោក Jackson បន្ថែមទៀតថា ជាការពិតណាស់ របបដឹកនាំទីក្រុងព្យុងយ៉ាង មិនដែលទុកចិត្តសហរដ្ឋអាមេរិកនោះទេ ជាពិសេសនៅពេលដែលអតីតមេដឹកនាំអ៉ីរ៉ាក់ សាដាំ ហូសេន និងមេដឹកនាំលីប៊ី លោក ហ្គាដាហ្វី ត្រូវបានគេសម្លាប់ចោល ក្រោយមានអន្តរាគមន៍យោធាអាមេរិក។ ដូច្នេះមរណភាពរបស់លោក Soleimani នៅក្រោមដៃ អាមេរិកអាចនឹងកាន់តែធ្វើឱ្យកូរ៉េខាងជើង រួមទាំងលោក គីម ជុងអ៊ុន ផ្ទាល់កាន់តែលែងទុកចិត្តអាមេរិក ហើយប្រឹងផលិត ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរទ្វេដង ព្រោះទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបលោក គីម មានអារម្មណ៍ថា មានសុវត្ថភាព មិនខ្លាចមានវាសនា ដូចសាដាំ ហូសេន ឬលោក ហ្គាដាហ្វី ឬក៏លោក Soleimani។
គួរជម្រាបថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo ផ្សាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្ដហោះដ្រូន MQ-9 Reaper មកកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩។ យន្ដហោះដ្រូននេះហើយ ដែលអាមេរិកប្រើប្រាស់សម្លាប់លោក Soleimani កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ MQ-9 មានសមត្ថភាព ហោះហើរក្នុងល្បឿនអតិបរមា ៤៨២គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអាវុធមានទម្ងន់១,៧០០គីឡូ ព្រមទាំងមានសមត្ថភាពបាញ់មីស៊ីលផងដែរ៕