(តេហេរ៉ង់)៖ ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាចុះផ្លួវធ្វើបាតុកម្មតវ៉ា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងតេហេរ៉ង់) ក្រោយរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ទទួលស្គាល់ថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដែលបានផ្ដាច់ជីវិតមនុស្សជិះនៅលើទីនោះទាំងអស់ ១៧៦នាក់ ដោយអចេតនា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។
ក្រុមបាតុករបានប្រមូលផ្ដុំគ្នា នៅខាងក្រៅច្រកទ្វារសាកលវិទ្យាល័យ Amir Kabir University ស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិក ប្រចាំទីក្រុងតេហេរ៉ង់ ដើម្បីថ្កោលទោស រដ្ឋាភិបាល និងអាជ្ញាធរអ៉ីរ៉ង់ ដែលធ្លាប់កុហុកថាយន្ដហោះដឹកអ្នកដំណើរខាងលើធ្លាក់ដោយសារបញ្ហាបច្ចេកទេស។ នៅក្នុងវីដេអូមួយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមបាតុករមួយចំនួន ក៏បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ចុះចេញពីតំណែងផងដែរ ហើយយកអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់ យន្ដហោះនេះមកកាត់ទោសតាមផ្លូវច្បាប់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ អាជ្ញាធរប៉ូលិសបានបំបែកហ្វូងបាតុករ ដែលព្យាមយាមចូលទៅក្នុងសាកលវិទ្យាល័យ និងបិទផ្លូវសំខាន់ៗ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវចាប់ខ្លួន ឬអ្នកស្លាប់ និងអ្នករងរបួសនៅឡើយទេ។
គួរជម្រាបថា យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅ វេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់៕