(តៃប៉ិ)៖ ក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីឡើងវិញថាទីក្រុងប៉េកាំង នឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនជាដាច់ខាតដែលថាកោះតៃវ៉ាន់ គឺជាដែនដីមួយរបស់ខ្លួន ហើយ ពិភពលោកនឹងនៅតែទទួលស្គាល់ដែនកោះមួយនេះ គឺជា«ចិនតែមួយ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នំា២០២០។
ការកត់សម្គាល់ខាងលើរបស់ក្រសួងការបរទេសចិន ធ្វើឡើងបន្ទាប់ពីលោកស្រី Tsai Ing-wen ដែលជាអ្នកនយោបាយប្រឆាំងនឹងចិន បានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ សម្រាប់អណត្តិទី២ ជាប់ៗគ្នាជាមួយការសន្យាថា លោកស្រី នឹងមិនចុះញ៉មចំពោះការសម្លុតគំរាមកំហែងរបស់ចិននោះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅ ថ្ងៃអាទិត្យនេះ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ដូច្នេះថា៖ «នឹងមិនមានការផ្លាស់ប្ដូរឡើយ គឺតៃវ៉ាន់ជាខេត្តមួយរបស់ចិន ហើយរដ្ឋាភិបាលទីក្រុងក៏នឹងមិនកែប្រែ គោលជំហរនេះដែរ ហើយជំទាស់ជាដាច់ខាតនឹងការទាមទារឯករាជ្យរបស់តៃវ៉ាន់ផ្ដាច់ខ្លួនពីចិន»។
គួរជម្រាបថា លោកស្រី Tsai Ing-wen ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលនេះមានន័យថាលោកស្រីនឹងបន្តកាន់តំណែង ជាប្រធានាធិបតីតៃវ៉ាន់សម្រាប់អាណត្តិទី២ជាប់ៗគ្នា ខណៈគណបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រី ក៏ទទួលបានសំឡេងភាគច្រើននៅសភាជាតិផងដែរ។ បើតាម លទ្ធផលបោះឆ្នោត លោកស្រី Tsai ទទួលបានសំឡេងគាំទ្រ៥៧.១ភាគរយ ដោយយកឈ្នះលើគូប្រជែង គឺលោក Han Kuo-yu ដែលទទួលបានសំឡេងគាំទ្រ៣៨.៦ភាគរយ ។ លោកស្រី Tsai គឺជាអ្នកជំទាស់នយោបាយផ្សាភ្ជាប់ទំនាក់ទំនងជិតសិ្នទជាមួយចិន ខណៈលោក Han អះអាងថាលោកនឹងផ្ដោតសំខាន់លើផលប្រយោជន៍សេដ្ឋកិច្ចពីចិន។
បន្ថែមពីលើនេះ នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រ លោកស្រីក៏បានជំរុញផងដែរឱ្យចិនបោះបង់ចោលការគំរាមកំហែងវាយយកោះតៃវ៉ាន់ដោយកម្លាំងយោធា ជាមួយការ បើកទ្វារចំហសន្ទនាជាមួយចិន។ ប៉ុន្តែ ព្រមពេលជាមួយលោកស្រីសង្ឃឹមថាទីក្រុងប៉េកាំង នឹងយល់ថានេះមិនមែនមានន័យថាតៃវ៉ាន់ និងប្រជាជនរបស់ខ្លួនចុះញ៉មចំពោះការ សម្លុតគំរាមកំហែងរបស់ចិននោះទេ៕