(អាមេរិក)៖ អតីតនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing លោក ដេននីស មុយឡិនប៊ឺក (Dennis Muilenburg) ដែលត្រូវបានសម្រេចឲ្យចុះចេញតំណែងរួចទៅហើយ កំពុងតែរៀបចំចាកចេញពីក្រុមហ៊ុនជាផ្លូវការហើយ ជាមួយប្រាក់សំណង និងប្រាក់សោធននិវត្តន៍សរុប ៦២លានដុល្លារអាមេរិក ប៉ុន្តែលោកនឹងមិនទទួលបានប្រាក់បំណាច់ឆ្នាំនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។
លោក Dennis Muilenburg ត្រូវបានទម្លាក់ពីតំណែងកាលពីថ្ងៃខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ បន្ទាប់ពីលោកមិនអាចរកមូលហេតុពិតប្រាកដ ដែលបានបង្កឲ្យយន្តហោះម៉ូដែលថ្មី Boeing 737 MAX ចំនួនពីរគ្រឿង ធ្លាក់នៅប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨ និងនៅអេត្យូពីកាលពីឆ្នាំ២០១៩ ខណៈយន្តហោះប្រភេទនេះ ត្រូវបានផ្អាកដំណើរការទូទាំងពិភពលោក ជិតមួយឆ្នាំមកហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះធំបំផុតលើលោក Boeing នៅតែកំពុងស្ថិតក្នុងបញ្ហាធំនៅឡើយ ខណៈការបញ្ជាទិញយន្តហោះ 737 MAX ត្រូវបានផ្អាកទាំងស្រុងដោយរង់ចាំលទ្ធផលចុងក្រោយ នៃការស៊ើបអង្កេតរកមូលហេតុធ្លាក់ ទាំងពីរលើកចេញជាផ្លូវការសិន ទើបការសម្រេចផ្សេងៗទៀត ដូចជាការដាក់ឲ្យយន្តហោះប្រភេទនេះ ដំណើរការឡើងវិញនៅទូទាំងពិភពលោក អាចគិតគូរបាន។ បច្ចុប្បន្ន CEO ថ្មីរបស់ Boeing គឺលោក ដេវីដ ខាលហួន (David Calhoun) កំពុងទទួលបន្ទុកដ៏ធំធេងនេះ៕