(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់អ៉ីរ៉ាក់ ដែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការរៀបចំត្រៀមដកកងទ័ពអាមេរិកចេញពីទឹកដីនៃប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក បញ្ជូនក្រុមការងារមកកាន់អ៉ីរ៉ាក់ ដើម្បីជជែកគ្នាអំពីបញ្ហានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Adel Abdul Mahdi បានដាក់សំណើដូចខាងលើ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ សភាអ៉ីរ៉ាក់កាលពីសប្តាហ៍មុន។ នាឱកាសនោះ លោក Mahdi បានស្នើឲ្យលោក Pompeo បញ្ជូនប្រតិភូមកកាន់អ៉ីរ៉ាក់ ដើម្បីរៀបចំការដកកងទ័ពអាមេរិកចេញទៅវិញ។
ជាការឆ្លើយតប ក្រសួងការបរទេសអាមេរិកបានបដិសេធចំពោះការស្នើឡើងនេះ តាមរយៈការលើកឡើងថា ប្រតិភូអាមេរិកគួរតែត្រូវបញ្ជូនទៅកាន់អ៉ីរ៉ាក់មែន ប៉ុន្តែមិនមែនដើម្បីទៅជជែកអំពីការដកកងទ័ពអាមេរិកឡើយ គឺដើម្បីពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ ព្រមទាំងភាពជាដៃគូរវាងប្រទេសទាំងពីរ ពាក់ព័ន្ធបញ្ហាឯទៀតៗដូចជាហិរញ្ញវត្ថុ សេដ្ឋកិច្ច ការទូតជាដើម។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុនសភាអ៉ីរ៉ាក់ បានបោះឆ្នោតគាំទ្រឲ្យបណ្តេញ កងទ័ពបរទេសទាំងអស់ចេញពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពី អាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារនៅទីក្រុងបាកដាដរបស់អ៉ីរ៉ាក់ ដើម្បីផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៉ីរ៉ង់ លោក Qassem Soleimani ហើយការវាយប្រហារនោះក៏បានផ្តាច់ជីវិតលោក Abu Mahdi al-Muhandis ដែលជាមេកងជីវពលអ៉ីរ៉ាក់ម្នាក់ផងដែរ។ ពេលនោះក្រោយសភាអ៉ីរ៉ាក់ទាមទារឲ្យកងកម្លាំងបរទេសត្រូវដកចេញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងទាមទារឲ្យទីក្រុងបាកដាដសងលុយរាប់ពាន់លានដុល្លារសម្រាប់ការសាងសង់មូលដ្ឋានទ័ពនៅអ៉ីរ៉ាក់ និងព្រមានដាក់ទណ្ឌកម្ម ឲ្យធ្ងន់ ថែមទៀត។
គួរជម្រាបថា កងទ័ពអាមេរិកប្រមាណ៥,២០០នាក់ កំពុងឈរជើងនៅតាមមូលដ្ឋានទ័ពពាសពេញប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តល់ការ ហ្វឹកហាត់ក៏ដូចជាជួយកងទ័ពអ៉ីរ៉ាក់ ទប់ស្កាត់ការងើបឡើងវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងនោះ ស្ថិតក្នុងចំណោម កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៉ីរ៉ាក់បានហៅឲ្យមកជួយខ្លួនទប់ទល់ជាមួយពួក ISIS កាលពីឆ្នាំ២០១៤ ខណៈ ការដាក់ពង្រាយកងទ័ពបរទេសទាំងនោះនៅក្នុងទឹកដីអ៉ីរ៉ាក់ ត្រូវបានធ្វើឡើងក្រោមការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ប៉ុន្តែមិនមានការផ្តល់សច្ចានុម័តពីសភាអ៉ីរ៉ាក់ឡើយ៕