(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់លោក មហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារដោយសម្តែងការសោកស្តាយ និងសូមអភ័យទោស ក៏ដូចជាការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បន្ទាប់ពីការទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាកាសអ៉ីរ៉ង់ ពិតជាបានច្រឡំ បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលនាំឲ្យមនុស្សចំរុះជាតិសាសន៍ ១៧៦នាក់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែមករា នោះមែន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ និងក្រសួងការបរទេសអ៉ីរ៉ង់ ដែលត្រូវបានទូរទស្សន៍រដ្ឋអ៉ីរ៉ង់ចេញផ្សាយដោយផ្ទាល់នោះ ដោយសារតែកំហុស បង្កឡើងដោយកត្តាមនុស្ស និងធ្វើឡើងដោយអចេតនា ទើបជើងហោះហើររបស់អ៊ុយក្រែននោះ ត្រូវបានមីស៊ីលបាញ់ចំ។ យោធាអ៉ីរ៉ង់បានសម្តែងការសុំទោសដោយស្មោះត្រង់ និងយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្ម ហើយបានសន្យាថា នឹងកែលម្អប្រព័ន្ធការពារដែនអាកាសខ្លួន ដើម្បីបង្ការកុំឲ្យមានកំហុសដ៏ធ្ងន់ធ្ងរបែបនេះ កើតឡើងតទៅទៀតនាថ្ងៃអនាគត។
បន្ថែមពីការទទួលស្គាល់កំហុសនេះ អ៉ីរ៉់ង់ក៏បានសន្យានាំយកជនទាំងឡាយ ដែលពាក់ព័ន្ធក្នុងករណីនេះ ទៅទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា «យន្តហោះនោះបានធ្លាក់ដោយសារការភ័ន្តច្រឡំរបស់មនុស្ស នៅកំឡុងពេលដែលភាពចលនាត្រូវបានបង្កឡើង ដោយផែនការខ្មៅងងឹតរបស់អាមេរិក»។
គួរបញ្ជាក់ថា យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់៕