(តេហេរ៉ង់)៖ ទីបំផុតអ៉ីរ៉ង់នាថ្ងៃសៅរ៍នេះ បានចេញមុខទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ អ៊ុយក្រែនដោយអចេតនា ព្រោះតែកំហុសបង្កឡើងដោយកត្តាមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់ ដកស្រង់ការផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។
ការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ធ្វើឡើង ដោយយោងតាមប្រភពពីសេចក្តីថ្លែងការណ៍របស់យោធាអ៉ីរ៉ង់ផ្ទាល់។ ក្នុងសេចក្តីថ្លែងការណ៍នោះ អ៉ីរ៉ង់បានបន្ទោសលើកំហុសឆ្គង ដែលបង្កឡើងដោយកត្តាមនុស្ស ទើបជាហេតុបណ្តាលឲ្យមានការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនដោយអចេតនា នៅទីក្រុងតេហេរ៉ង់ និងបង្កឲ្យមនុស្សចំនួន ១៧៦នាក់បាត់បង់ជីវិត។
យន្តហោះនោះត្រូវបានភ័ន្តច្រឡំថា ជាមុខសញ្ញាគ្រោះថ្នាក់ ក្រោយវាបានសំដៅទៅរកទីតាំងយោធា ដ៏សំខាន់មួយរបស់កងកម្លាំងការពារបដិវត្តន៍អ៉ីរ៉ង់ ខណៈដែលយោធាអ៉ីរ៉ង់ កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ នៅចំពោះមុខភាពតានតឹងដ៏ក្តៅគគុកជាមួយសហរដ្ឋអាមេរិក ដោយហេតុការណ៍នោះបានកើតឡើង តែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ពីការបាញ់ស្រោចមីស៊ីលរបស់អ៉ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ យោធាអ៉ីរ៉ង់បានគូសបញ្ជាក់ថា ដោយសារនៅក្រោមស្ថានភាពបែបនេះ ហើយដោយសារតែកំហុស បង្កឡើងដោយកត្តាមនុស្ស និងធ្វើឡើងដោយអចេតនា ជើងហោះហើររបស់អ៊ុយក្រែននោះ ក៏ត្រូវបានមីស៊ីលបាញ់ចំ។ យោធាអ៉ីរ៉ង់បាន សម្តែងការសុំទោសដោយស្មោះត្រង់ និងយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្ម ហើយបានសន្យាថា នឹងកែលម្អប្រព័ន្ធការពារដែនអាកាសខ្លួន ដើម្បីបង្ការកុំឲ្យមានកំហុសដ៏ធ្ងន់ធ្ងរបែបនេះ កើតឡើងតទៅទៀតនាថ្ងៃអនាគត។
គួរជម្រាបថា ការទទួលសារភាពកំហុសខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមន្រ្តីរដ្ឋាភិបាលអ៉ីរ៉ង់បានប្រកែកហើយប្រកែកទៀត ចំពោះ ការចោទប្រកាន់ពីអន្តរជាតិ រួមមានដូចជាសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេសដែលថា យោងតាមប្រភពស៊ើបការណ៍សម្ងាត់ អ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះ Boeing មួយគ្រឿងមានដឹកមនុស្ស ១៧៦នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដោយសារការភ័ន្តច្រឡំ។
ក្នុងចំណោមជនរងគ្រោះទាំងនោះ គឺមានពលរដ្ឋអ៉ីរ៉ង់ និងកាណាដាច្រើនជាងគេ ដោយជនជាតិអ៉ីរ៉ង់មាន ៨២នាក់ និងជនជាតិកាណាដាមាន ៦៣នាក់ រីឯជនរងគ្រោះដទៃទៀតរួមមានអ៊ុយក្រែន ១១នាក់,ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់៕