(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នាថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា សភារបស់លោកស្រីនឹងបញ្ជូនឯកសារចោទប្រកាន់ជាផ្លូវការ លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភានៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការបើកសវនាការ ជុំវិញការដកតំណែងរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។
រយៈពេលប្រមាណ ០៣សប្តាហ៍កន្លងមកនេះ លោកស្រី Pelosi បានលេងល្បែងឆ្មា និងកណ្តុរជាមួយប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន នៃព្រឹទ្ធសភាគឺលោក មីតឆ៍ ម៉ាកខុនណែល (Mitch McConnelle) ជុំវិញបទបញ្ញត្តិសម្រាប់ការបើកសវនាការរបស់លោក ត្រាំ នៅក្នុងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ កន្លងមកនេះ គណបក្សប្រជាធិបតេយ្យអាមេរិក បានទាមទារចង់ឲ្យមានការផ្តល់សក្ខីកម្មពីសាក្សី ព្រមទាំងភស្តុតាងថ្មីៗបន្ថែមទៀត ប៉ុន្តែលោក MCConnelle មិនយល់ព្រមដាច់ខាត។
ដោយឡែក បើតាមមើលទៅព្រឹទ្ធសភាអាមេរិកត្រូវគេរំពឹងថា នឹងឲ្យលោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់របស់សភាតំណាងរាស្រ្ត នៅក្នុងការបើកសវនាការ មុនពេលការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កើនឡើងកម្តៅខ្លាំង ខណៈពុំមានសមាជិកព្រឹទ្ធសភា នៃបក្សសាធារណរដ្ឋណាមួយ បានបង្ហាញសំឡេងគាំទ្រឲ្យទម្លាក់លោកនោះឡើយ។ ការទម្លាក់លោក ត្រាំ ចេញពីតំណែងតម្រូវឲ្យមានសំឡេងគាំទ្រ រហូតដល់ពីរភាគបីឯណោះ។
គួរជម្រាបថា សភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់ ដើម្បីឈានដល់ការដកតំណែងលោក ត្រាំ ក្រោមបទល្មើសចំនួនពីរ គឺការរំលោភអំណាច និងការបង្កភាពរាំងស្ទះ ដល់កិច្ចស៊ើបអង្កេតរបស់សភាអាមេរិក។ ការចាប់ផ្តើមនិតីវិធីដកតំណែងលោកនេះ គឺបណ្តាលមកពីការទម្លាយឲ្យដឹង នូវកិច្ចសន្ទនាតាមទូរស័ព្ទមួយរបស់លោក ត្រាំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy)៕