Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបោះឆ្នោតប្រធានាធិបតីកោះតៃវ៉ាន់ចាប់ផ្តើមហើយ ចំពោះមុខក្រសែភ្នែកទីក្រុងប៉េកាំង (Video inside)

11-01-2020 08:46

(តៃប៉ិ)៖ ប្រជាជនតៃវ៉ាន់បានចាប់ផ្តើមធ្វើដំណើរ ទៅកាន់មណ្ឌលបោះឆ្នោតហើយ នៅទូទាំងកោះនេះ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី គ្រោងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ នេះរហូតដល់ពេលល្ងាចថ្ងៃដដែល ចំពោះមុខការតាមដានមិនដាក់ភ្នែកពីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រុមអ្នកវិភាគកន្លងមកនេះ ការបោះឆ្នោតនាដើមឆ្នាំ២០២០ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនលើកោះតៃវ៉ាន់ ព្រោះពួកនឹងត្រូវសម្រេចថា តើត្រូវបន្តភាពតានតឹងជាមួយចិន ឬក៏ចង់បានរដ្ឋាភិបាលថ្មីមួយ ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងប៉េកាំងបានធូរស្រាលឡើងវិញនោះ។

សម្រាប់លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន ដែលបានជាប់ឆ្នោត និងដឹកនាំកោះមួយនេះចាប់តាំងពីឆ្នាំ២០១៦ បាននិងកំពុងព្យាយាមខ្លាំងណាស់ ដើម្បីបន្តឈ្នះឆ្នោតនាអាណត្តិទីពីរទៀត ខណៈដែលលោកស្រីត្រូវបានគេមើលឃើញថា ជាមេដឹកនាំដែលចង់បានឯករាជ្យ សម្រាប់កោះតៃវ៉ាន់ខ្លាំងបំផុត។

គួរបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ និងនយោបាយចិនតែមួយ ដែលបណ្តាប្រទេសស្ទើរតែទាំងអស់លើលោកប្រតិបត្តិតាមនោះ កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ ហើយប្រទេសចិនក៏បានគំរាមខ្លាំងឡើងៗផងដែរថា ចេតនាផ្តាច់ខ្លួនរបស់កោះនេះចេញពីប្រទេសចិន គឺជាការនាំទៅរកសង្គ្រាមដែលគេចមិនរួច៕