(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនាថ្ងៃសុក្រនេះបានអះអាងថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានចូលមកកៀកនាវាចម្បាំងខ្លួន ជ្រុលហួសហេតុជាខ្លាំង ខណៈដែលនាវាចម្បាំងអាមេរិកកំពុងធ្វើប្រតិបត្តិការនៅភាគខាងជើង តំបន់សមុទ្រអារ៉ាប់ (Arabian Sea) ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កងទ័ពជើងទឹកអាមេរិកបានលើកឡើងថា នាវាចម្បាំងរុស្ស៊ី មួយគ្រឿង បានចូលមកយ៉ាងប្រកៀកជាមួយនឹងនាវាចម្បាំងប្រភេទ Destroyer របស់អាមេរិកឈ្មោះ USS Farragut ដែលកំពុង តែធ្វើប្រតិបត្តិការជាប្រចាំនៅភាគខាងជើងសមុទ្រអារ៉ាប់។ បើតាមកងទ័ពជើងទឹកអាមេរិក នាវាចម្បាំងរុស្ស៊ីនោះ ពុំបានស្តាប់តាម សំឡេងព្រមានដែលនាវាចម្បាំង Farragut បានបន្លឺឡើងឡើយ ប៉ុន្តែនៅទីបំផុតក៏បានបង្វែរទិសដៅចេញទៅបាត់វិញ ដោយមិន មានគ្រោះថ្នាក់ណាមួយបានកើតឡើងនោះទេ។
គួរជម្រាបថា ឧបទ្ទវហេតុខាងលើ ជាឧទាហរណ៍ថ្មីចុងក្រោយគេមួយ នៃការប្រឈមមុខគ្នាកៀកបែបនេះ រវាងកម្លាំងយោធារបស់ សហរដ្ឋអាមេរិក និងរបស់រុស្ស៊ីនៅលើដែនសមុទ្រ ខណៈប្រមាណជា០៧ខែមុន ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតមានឡើង ផងដែរ នៅឯមហាសមុទ្រប៉ាស៊ីហ្វិក នៅពេលនាវាចម្បាំងអាមេរិកនិងនាវាចម្បាំងរុស្ស៊ី បានជ្រុលទៅកៀកគ្នាខ្លាំង ស្ទើរតែបុកគ្នាទៅ ៕