(បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Adel Abdel Mahdi បានសម្រេចស្នើទៅកាន់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ជូនគណៈប្រតិភូ មកកាន់ប្រទេសអ៉ីរ៉ាក់ សម្រាប់ការចាប់ផ្តើមត្រៀមរៀបចំខ្លួនដកកងទ័ពអាមេរិកចេញពីប្រទេសរបស់លោក។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក Abdel Mahdi ក្នុងកំឡុងកិច្ចសន្ទានា តាមខ្សែទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានដាក់សំណើថា អាមេរិកត្រូវបញ្ជូនក្រុមការងារមក ប្រទេសអ៉ីរ៉ាក់ ដើម្បីចាប់ផ្តើមអនុវត្តសេចក្តីសម្រេចរបស់សភាអ៉ីរ៉ាក់ ដែលបានកំណត់ឲ្យកងកម្លាំងបរទេស ត្រូវដកចេញទៅវិញ ពីក្នុងទឹកដីរបស់អ៉ីរ៉ាក់ ក្រោយឈរជើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុនសភាអ៉ីរ៉ាក់ បានបោះឆ្នោតគាំទ្រឲ្យបណ្តេញ កងទ័ពបរទេសទាំងអស់ចេញពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពី អាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារនៅទីក្រុងបាកដាដរបស់អ៉ីរ៉ាក់ ដើម្បីផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៉ីរ៉ង់ លោក Qassem Soleimani ហើយការវាយប្រហារនោះក៏បានផ្តាច់ជីវិតលោក Abu Mahdi al-Muhandis ដែលជាមេកងជីវពលអ៉ីរ៉ាក់ម្នាក់ផងដែរ។ ពេលនោះក្រោយសភាអ៉ីរ៉ាក់ទាមទារឲ្យកងកម្លាំងបរទេសត្រូវដកចេញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងទាមទារឲ្យទីក្រុងបាកដាដសងលុយរាប់ពាន់លានដុល្លារសម្រាប់ការសាងសង់មូលដ្ឋានទ័ពនៅអ៉ីរ៉ាក់ និងព្រមានដាក់ទណ្ឌកម្ម ឲ្យធ្ងន់ ថែមទៀត។
គួរជម្រាបថា កងទ័ពអាមេរិកប្រមាណ៥,២០០នាក់ កំពុងឈរជើងនៅតាមមូលដ្ឋានទ័ពពាសពេញប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តល់ការ ហ្វឹកហាត់ក៏ដូចជាជួយកងទ័ពអ៉ីរ៉ាក់ ទប់ស្កាត់ការងើបឡើងវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងនោះ ស្ថិតក្នុងចំណោម កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៉ីរ៉ាក់បានហៅឲ្យមកជួយខ្លួនទប់ទល់ជាមួយពួក ISIS កាលពីឆ្នាំ២០១៤ ខណៈ ការដាក់ពង្រាយកងទ័ពបរទេសទាំងនោះនៅក្នុងទឹកដីអ៉ីរ៉ាក់ ត្រូវបានធ្វើឡើងក្រោមការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ប៉ុន្តែមិនមានការផ្តល់សច្ចានុម័តពីសភាអ៉ីរ៉ាក់ឡើយ៕