(តេហេរ៉ង់)៖ ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់ នៅថ្ងៃសុក្រនេះបានទាត់ចោលការចោទប្រកាន់ដែលថា ទីក្រុងតេហេរ៉ង់គឺជាអ្នកបាញ់មីស៊ីល ទម្លាក់យន្ដហោះដឹកអ្នកដំណើរនៃអាកាសចរណ៍អ៊ុយក្រែន ដែលបានផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ១៧៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។
ការប្រកាសខាងលើរបស់ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៉ីរ៉ង់ លោក អាលី អាបេដហ្សាដេហ៍ (Ali Abedzadeh) ធ្វើឡើងក្រោយពីការចេញមុខច្រានចោលលើកដំបូង ដោយរដ្ឋាភិបាលអ៉ីរ៉ង់ផ្ទាល់តែម្តង បន្ទាប់ពីអាមេរិក អង់គ្លេស និងកាណាដា បង្ហាញការសង្ស័យរៀងៗខ្លួនថា ករណីធ្លាក់យន្ដហោះនៅក្នុងប្រទេសអ៉ីរ៉ង់ គឺមិនមែនដោយសារបញ្ហាបច្ចេកទេស ដូចសារព័ត៌មានអ៉ីរ៉ង់បានចេញផ្សាយនោះទេ តែវាបានធ្លាក់ដោយសារត្រូវមីស៊ីលបាញ់ទម្លាក់។
លោក Abedzadeh បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យន្ដហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន មិនមែនធ្លាក់ដោយសារគ្រាប់មីស៊ីលនោះទេ»។ កាលពីមុននេះ អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់លោក អាលី រ៉ាប៊ី (Ali Rabiei) ក៏បាននិយាយដូច្នេះដែរថា «ទាំងអស់នេះគឺជាការធ្វើសង្រ្គាមចិត្តសាស្រ្ត ប្រឆាំងមកលើអ៉ីរ៉ង់ប៉ុណ្ណោះ។ សម្រាប់ប្រទេសទាំងឡាយ ដែលមាន ពលរដ្ឋខ្លួនជិះលើយន្តហោះនោះ អាចបញ្ជូនក្រុមអ្នកតំណាងរបស់ខ្លួន មកកាន់ប្រទេសយើងបាន ហើយពួកយើងក៏បានស្នើឲ្យក្រុមហ៊ុន Boeing បញ្ជូនក្រុមអ្នកតំណាងខ្លួន ឲ្យមកចូលរួមដំណើរការស៊ើបអង្កេតប្រអប់ខ្មៅផងដែរ»។
យ៉ាងណាមិញ មានការផ្សព្វផ្សាយវីដេអូមួយដែលត្រូវបានក្រុមស៊ើបអង្កេតអាមេរិក កាណាដា និងអង់គ្លេសសន្និដ្ឋានថា បង្ហាញពីសកម្មភាពគ្រាប់មីស៊ីល ហោះទៅបុកវត្ថុមួយលើផ្ទៃអាកាស នាពេលព្រឹកព្រហាមនៅក្នុងរដ្ឋធានីតេហេរ៉ង់ ហើយកាលពីភ្លាមៗក្រោយការធ្លាក់យន្តហោះអ៊ុយក្រែននោះ ក៏ធ្លាប់មានការចែកចាយឃ្លីបវីដេអូមួយផ្សេងទៀតផងដែរ ដែលបង្ហាញពីទិដ្ឋភាពនៃវត្ថុមួយ នៅលើផ្ទៃមេឃងងឹតដូចគ្នា ដែលទំនងជាយន្តហោះមានភ្លើងឆាបឆេះរួចធ្លាក់ចុះ និងផ្ទុះ ហើយត្រូវបានគេអះអាងថា ជាទិដ្ឋភាពថតនៅក្នុងរដ្ឋទីក្រុងតេហេរ៉ង់ដូចគ្នា។
លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា មន្ត្រីរបស់លោកជាច្រើននាក់សុទ្ធតែជឿជាក់ដូចគ្នាថា យន្ដហោះនេះត្រូវបានបាញ់ទម្លាក់ ដោយមីស៊ីលមួយគ្រាប់ ឬអាចច្រើនគ្រាប់របស់អ៉ីរ៉ង់ មុននឹងវាធ្លាក់ហើយផ្ទុះនៅជាយទីក្រុងតេហេរ៉ង់។
គួរបញ្ជាក់ថា យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់៕