(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតអបអរសាទរថ្ងៃខួបកំណើតមួយច្បាប់ ជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីលោក គីម បានប្រកាសថា ប្រទេសរបស់លោកអាចនឹងចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

លោក ជុង អ៊ុយយ៉ុង (Chung Eui-Yong) ជាទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង និងដែលបានជួបលោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្ដាហ៍នេះ បានប្រាប់អ្នកសារព័ត៌មានថា លោកបានផ្ញើសារជូនពរខួបកំណើតរបស់លោក ត្រាំ ទៅកាន់កូរ៉េខាងជើង ហើយវាត្រូវបានប្រគល់កាលពីថ្ងៃព្រហស្បតិ៍។ លោក Chung បានបន្ថែមយ៉ាងដូច្នេះថា «ថ្ងៃដែលពួកយើងជួបគ្នា គឺជាថ្ងៃខួបកំណើតរបស់លោក គីម ជុងអ៊ុន ហើយលោកប្រធានាធិបតី ត្រាំ បានចង់ចាំថ្ងៃខួបកំណើតនេះ ដោយបានស្នើឱ្យខ្ញុំប្រគល់សារជូនពរដល់លោក គីម»

ទោះជាបែបនេះក្តី ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិត អំពីអត្ថន័យនៅក្នុងលិខិតរបស់លោក ត្រាំ នោះទេ ដោយគ្រាន់តែបង្ហើបថា លោក និងលោកប្រធានាធិបតីអាមេរិក ក៏បានពិភាក្សាគ្នាផងដែរពីស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា និងកិច្ចសហប្រតិបត្តិការអាមេរិក-កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសកលលោក។

គួរបញ្ជាក់ថា ខួបកំណើតរបស់លោក គីម ជុងអ៊ុន ត្រូវបានគេជឿជាក់ថាចំថ្ងៃទី០៨ ខែមករា តែខាងកូរ៉េខាងជើងមិនដែលទទួលស្គាល់កាលបរិច្ឆេទនេះទេ រីឯសហរដ្ឋអាមេរិកវិញបានអះអាងថា ថ្ងៃកំណើតលោក គីម គឺនៅឆ្នាំ១៩៨៤ ដែលនេះមានន័យថាឆ្នាំនេះលោកមានអាយុ ៣៦ឆ្នាំ៕