(បាងកក)៖ មនុស្សធំពីរនាក់ និងកូនក្មេងអាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិត ព្រមទាំង៤នាក់នាក់ទៀតបានរងរបួស នៅពេលខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពប្លន់ហាងលក់មាសមួយកន្លែង នៅខេត្ត Lupburi ភាគកណ្តាលប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង០៨៖៤៤នាទីយប់ថ្ងៃព្រហស្បតិ៍ នៅហាងលក់មាស Aurora ក្នុងមជ្ឈមណ្ឌលលក់ទំនិញ Robinson នៅស្រុក Muang នៃខេត្ត Lupburi របស់ថៃ។ បើតាមការបញ្ជាក់របស់អាជ្ញាធរថៃ នៅពេលទៅដល់ហាងមាសនោះ ខ្មាន់កាំភ្លើង បានធ្វើសកម្មភាពបាញ់ប្រហារទៅលើបុគ្គលិកហាង ព្រមទាំងអ្នកដែលដើរនៅក្បែរនោះ បណ្តាលឲ្យនារីម្នាក់ និងបុរសសន្តិសុខម្នាក់ ដែលជាបុគ្គលិកហាងមាស រួមជាមួយកូនក្មេងអាយុពីរឆ្នាំម្នាក់បាត់បង់ជីវិត ហើយមនុស្ស៤នាក់ទៀតរងរបួស។ ក្រោយមក ខ្មាន់កាំភ្លើងនោះ ក៏បានច្បាមយកខ្សែកមាសសរុបតម្លៃខ្ទង់៥០០,០០០បាត (១៦,៥០០ដុល្លារអាមេរិក) យកទៅ ហើយឡើងម៉ូតូម៉ាក Yamaha Fino ដែលពុំមានស្លាកលេខគេចខ្លួនបាត់។
គួរជម្រាបថា នៅថ្ងៃសុក្រនេះ ប៉ូលិសថៃបានប្រកាសផ្តល់ប្រាក់រង្វាន់៥០០,០០០បាត សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនចោរប្លន់ម្នាក់នោះ។ នៅពេលធ្វើសកម្មភាពខាងលើ ខ្មាន់កាំភ្លើងនោះបានពាក់ស្រោមបិទមុខ ពាក់អាវពណ៌ខ្មៅ និងស្លៀកខោប៉ារ៉ា ហើយកាំភ្លើងខ្លីដែលជននោះប្រើ មានបំពាក់ប្រដាប់ខ្ទប់សំឡេងថែមទៀតផង៕