(វ៉ាស៊ីនតោន)៖ ពាក់ព័ន្ធករណីធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានបណ្តាលឲ្យមនុស្ស ១៧៦នាក់ស្លាប់ នៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ព្រមទាំងកាណាដា នាពេលនេះបានចោទប្រកាន់ថា វាទំនងជាត្រូវបានប្រព័ន្ធមីស៊ីលការពារដែនអាកាសអ៉ីរ៉ង់ ច្រឡំបាញ់ទម្លាក់។
ដូច្នេះជាគន្លឹះមួយក្នុងការស្វែងយល់ការពិត យើងសូមរំលឹកហេតុការណ៍ដូចខាងក្រោមនេះ ដែលជាករណីយន្តហោះដឹកអ្នកដំណើរ ត្រូវបានមីស៊ីលបាញ់ទម្លាក់ នៅក្នុងរយៈពេល ០៤ទសវត្សរ៍ចុងក្រោយនេះ៖
* អ៊ុយក្រែន, មនុស្សស្លាប់ ២៩៨នាក់៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ យន្តហោះជើងហោះហើរ MH17 នៃអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ត្រូវបានបាញ់ទម្លាក់នៅលើតំបន់ភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយក្រុមឧទ្ទាម ពេលយន្តហោះកំពុងធ្វើដំណើរពីទីក្រុង Amsterdam របស់ហូឡង់ ២៩៨នាក់ ដែលជិះលើយន្តហោះ Boeing 777 នោះរួមមានទាំងជនជាតិហូឡង់ ១៩៣នាក់បានស្លាប់ ហើយអាជ្ញាធរអ៊ុយក្រែន និងក្រុមឧទ្ទាមបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកបាញ់មីស៊ីលចំយន្តហោះនោះ។
* សូម៉ាលី, មនុស្សស្លាប់ ១១នាក់៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៧ យន្តហោះដឹកជញ្ជូនធុន Ilyushin II-76 មួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍មួយ នៅប្រទេសបេឡារុស ត្រូវបានគ្រាប់រ៉ុក្កែតបាញ់ចំ ក្រោយហោះឡើងចេញមកពីរដ្ឋធានី Mogadishu របស់សូម៉ាលីបានតែបន្តិចប៉ុណ្ណោះ ហើយហេតុការណ៍នោះបានសម្លាប់មនុស្ស ១១នាក់។
* សមុទ្រខ្មៅ, មនុស្សស្លាប់ ៧៨នាក់៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០១ មនុស្សសរុប ៧៨នាក់ ភាគច្រើនជាជនជាតិអ៉ីស្រាអែលបានស្លាប់នៅ ពេលយន្តហោះធុន Tupolev-154 មួយគ្រឿងរបស់អាកាសចរណ៍រុស្ស៊ី Siberia Airlines ដែលមានគោលដៅធ្វើដំណើរពីទីក្រុងតែលអាវីវ ឆ្ពោះទៅទីក្រុង Novosibirsk នៃប្រទេសរុស្ស៊ី បានផ្ទុះនៅលើសមុទ្រខ្មៅ។ រដ្ឋាភិបាលអ៊ុយក្រែនបានទទួលស្គាល់ថា សោកនាដកម្មនោះត្រូវបានបង្កឡើង ដោយសារការបាញ់មីស៊ីលច្រឡំពីខាងអ៊ុយក្រែន។
* ឈូងសមុទ្រពែក, មនុស្សស្លាប់ ២៩០នាក់៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៨៨ យន្តហោះ Airbus A-300 មួយគ្រឿងរបស់អាកាសចរណ៍អ៉ីរ៉ង់ Iran Air ដែលហោះចេញពីទីក្រុង Bandar Abbas ក្នុងប្រទេសអ៉ីរ៉ង់ ដើម្បីឆ្ពោះទៅទីក្រុងឌូបៃនៅអេមីរ៉ាត់អារ៉ាប់រួម ត្រូវបានបាញ់ធ្លាក់ នៅលើដែនទឹករបស់អ៉ីរ៉ង់ ក្នុងតំបន់ឈូងសមុទ្រពែក ដោយគ្រាប់មីស៊ីលពីរគ្រាប់របស់នាវាចម្បាំងអាមេរិកមួយគ្រឿង ដែលល្បាតនៅឯច្រកសមុទ្រ Hormuz ព្រោះតែការយល់ច្រឡំថា ជាយន្តហោះចម្បាំង។ ខណៈមនុស្ស ២៩០នាក់បានបាត់បង់ជីវិត សហរដ្ឋអាមេរិកបានផ្តល់សំណងជាង ១០០លានដុល្លារដល់អ៉ីរ៉ង់។
* កោះ Sakhalin ប្រទេសរុស្ស៉ី, មនុស្សស្លាប់ ២៦៩នាក់៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៨៣ យន្តហោះ Boeing 747 មួយគ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍កូរ៉េខាងត្បូង Korean Air ត្រូវបានយន្តហោះចម្បាំងរបស់អតីតសហភាពសូវៀតបាញ់ធ្លាក់នៅលើកោះ Sakhalin របស់រុស្ស៊ី ក្រោយយន្តហោះនោះជ្រុលឆ្លងចូលមកក្នុងទឹកដីរបស់រុស្ស៊ី ហើយមនុស្សសរុប ២៦៩នាក់បានស្លាប់ទាំងអស់។
* វាលខ្សាច់នៅឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប, មនុស្សស្លាប់ ១០៨នាក់៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣៖ យន្តហោះ Boeing 727 មួយគ្រឿងរបស់អាកាសចរណ៍លីប៊ី Arab Airlines ដែលហោះចេញពីទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី ឆ្ពោះទៅកាន់ទីក្រុងគែរនៃប្រទេសអេហ្ស៊ីប ត្រូវបានយន្តហោះចម្បាំងអ៉ីស្រាអែលបាញ់ធ្លាក់ នៅលើវាលខ្សាច់នៃឧបទ្វីប Sinai ប៉ុន្តែមានអ្នកនៅមានជីវិត ០៤នាក់ ក្នុងចំណោមមនុស្សសរុប ១១នាក់ ដែលជិះលើនោះ។ ក្រុមយន្តហោះចម្បាំងអ៉ីស្រាអែល បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនោះ បន្ទាប់ពីវាបានហោះកាត់មូលដ្ឋានយោធានៅតំបន់ Sinai ដែលកាលនោះស្ថិតក្រោមកាន់កាប់របស់អ៉ីស្រាអែល ហើយមិនព្រមចុះចតតាមការទាមទារ។
គួរជម្រាបថា គ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) កាលពីថ្ងៃ ពុធសប្តាហ៍នេះ នៅឯជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់វិញ បានផ្តាច់ជីវិតមនុស្សសរុប ១៧៦នាក់ ដែលក្នុងនោះមានពលរដ្ឋអ៉ីរ៉ង់ច្រើនជាងគេ គឺរហូតដល់៨២នាក់ ព្រមទាំងកាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់,ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់។
ប្រភព៖ CNA (ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០)