(ស៊ីដនី)៖ បុរសម្នាក់រស់នៅនៅរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ដែលរងការចោទប្រកាន់ពីបទបង្កឲ្យមានភ្លើងឆេះនៅរដ្ឋ Victoria នាពេលនេះ បាននិងកំពុងទទួលរងការសម្លុតគំរាមដល់អាយុជីវិតថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាព័ត៌មាន DailyMail និងវែបសាយព័ត៌មានវៀតណាម Báo Dân Việt នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។
បុរសខាងលើមានឈ្មោះថា ម៉ៃឃើល ត្រុង (Michael Truong ដែលមានដើមកំណើតពីវៀតណាម) អាយុ ៣៦ឆ្នាំ ត្រូវបានប្រជាជននៅសហគមន៍ Johnsonville ក្នុងតំបន់ អ៊ីសត៍ ហ្គីពស៍ឡេន (East Gippsland) នៃរដ្ឋ Victoria ចាប់ឃាត់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីពួកគេបានឃើញរូបលោក ទំនងជាបានធ្វើសកម្មភាពដុតបញ្ជេះភ្លើងនៅឯតំបន់ អ៊ីសត៍ ហ្គីពស៍ឡេន (East Gippsland) ដែលជាកន្លែងរងការវាយប្រហារខ្លាំងបំផុតក្នុងរដ្ឋវីតូរៀ (Victoria)។ កំឡុងការបង្ហាញខ្លួនក្នុងតុលាការ ជាទីដែលរូបលោកត្រូវបាន ចោតប្រកាន់ជាផ្លូវការពីបទបង្កឲ្យមានភ្លើងឆេះព្រៃ លោក Truong ត្រូវបានប្រជាជនអូស្រ្តាលី ដែលមានការខឹងសម្បារជាខ្លាំងនោះ គំរាមដល់អាយុជីវិតលោកថែមទៀតផង។
គួរជម្រាបថា បើតាមអាជ្ញាធរអូស្រ្តាលី លោក Truong ជាប់សង្ស័យពីបទបង្កឲ្យមានភ្លើងឆេះព្រៃតែមួយករណីប៉ុណ្ណោះ ហើយលោកស្ថិត ក្នុងចំណោមមនុស្សជាង ១០នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទល្មើសស្រដៀងគ្នានេះ។ ចំណែកឯនៅរដ្ឋ ញូសោត៍វែល (New South Wales) វិញក៏មានមនុស្សជាង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទបង្កឲ្យមានភ្លើងឆេះព្រៃផងដែរ៕