(អាមេរិក)៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗ CNN, BBC, AP បានចេញផ្សាយនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា មន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិក បានអះអាង ករណីយន្តហោះអ៊ុយក្រែនធ្លាក់ នៅក្នុងប្រទេសអ៉ីរ៉ង់ គឺដោយសារត្រូវបានបាញ់ទម្លាក់ដោយម៉ីសីល មិនមែនដោយសារបញ្ហាគ្រឿងម៉ាស៊ីនទេ នេះបើយោងតាមផ្កាយរណបស៊ើបការណ៍របស់អាមេរិក។
សូមជំរាបថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) ជើងហោះហើរលេខ៧៥២ បានដឹកអ្នកដំណើរ និងអាកាសយាននិកទាំងអស់សរុប១៧៦នាក់ បានធ្លាក់នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ ។
ភ្លាមៗក្រោយពីធ្លាក់ប្រទេសអ៉ីរ៉ង់បានអះអាងថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជាដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ គឺវាធ្លាក់ដោយសារម៉ាស៊ីន។
ករណីយន្តហោះអ៊ុយក្រែនធ្លាក់នោះមានអ្នកស្លាប់ទាំង១៧៦នាក់ ក្នុងនោះមានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់, ស៊ុយអែត១០នាក់, អាហ្វហ្គានីស្ថាន៤នាក់, អាល្លឺម៉ង់ ៣នាក់ និងអង់គ្លេស៣នាក់។
ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្សាយថា យន្តហោះធ្លាក់បានកើតឡើងក្រោយយន្តហោះហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini នៅឯជាយទីក្រុងតេហេរ៉ង់ កាលពីមុនព្រឹកព្រលឹមថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ (ពេលវេលាក្នុងតំបន់នៅទីក្រុងតេហេរ៉ង់)៕