(វ៉ាស៊ីនតោន)៖ គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពុងបង្កភាពចម្រូងចម្រាស់យ៉ាងខ្លាំង ដោយនៅក្នុងស្រុក រឿងអាស្រូវរបស់ លោកជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យអ្នកនយោបាយអាមេរិកមានការប្រេះឆានឹងគ្នាដោយសារតែលោក។ រីឯ នៅក្រៅប្រទេស គោលនយោបាយ ការបរទេសរបស់លោកជាច្រើន រឹតតែធ្វើឱ្យពិភពលោកស្រឡាំងកាំងទៅទៀត ក្នុងនោះរួមមានដូចជា គោលនយោបាយពន្ធគយដែលបង្កឱ្យមានជម្លោះពាណិជ្ជកម្ម ជាមួយចិន, ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស និងចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ជាដើម។
ប៉ុន្តែ តើបណ្ដាប្រទេសនៅលើពិភពលោក យល់ឃើញយ៉ាងដូចម្ដេចចំពោះលោក ត្រាំ និងសហរដ្ឋអាមេរិក? របាយការណ៍ថ្មីមួយ ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវ ជ្រាវ Pew Research Center បានបញ្ជាក់លម្អិតពីរឿងនេះ។ Pew ដែលជាមជ្ឈមណ្ឌលជំនាញខាងស្រាវជ្រាវស្ទង់មតិ មិនមាននិន្នាការគណបក្សនយោបាយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដឹកនាំការស្ទង់មតិលើបុគ្គល ៣៧,០០០នាក់ នៅក្នុងប្រទេសចំនួន៣៣ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០១៩។ ការស្ទង់មតិ នេះគឺធ្វើឡើង នៅមុនលោក ដូណាល់ ត្រាំ បញ្ជាឱ្យសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់ លោក Qasem Soleimani កាលពីសប្ដាហ៍មុន។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃការសិក្សាស្រាវជ្រាវរបស់ Pew Research Center៖
* ការយល់ឃើញចំពោះលោក ដូណាល់ ត្រាំ
បើតាមការស្ទង់មតិរបស់ Pew មានតែ២៩ភាគរយប៉ុណ្ណោះនៃប្រទេស ដែលត្រូវបានស្ទង់មតិ បានបង្ហាញការពេញចិត្ត និងមានទំនុកចិត្តចំពោះលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៩ ហើយការបាត់បង់ទំនុកចិត្ត គឺដោយសារតែគោលនយោបាយការបរទេសរបស់លោក។ គោលនយោបាយរបស់លោក ត្រាំ ក្នុងនោះមានដូចជា ពន្ធគយ បម្រែបម្រួលអាកាសធាតុ អន្តោប្រវេសន៍ និងអ៉ីរ៉ង់ ជាដើមបានធ្វើឱ្យប្រធានាធិបតីអាមេរិករូបបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង នៅទូទាំងសកលលោក ខណៈ កិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានការគំាទ្រខ្លាំងបំផុត ៤១ភាគរយ នៅទូទាំងប្រទេសចំនួន៣៣ ដែលត្រូវបានស្ទង់មតិ។
* ការយល់ឃើញចំពោះសហរដ្ឋអាមេរិក
ផ្ទុយពីលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកនៅតែមានការគាំទ្រ និងភាពវិជ្ជមាននៅក្នុងក្រសែភ្នែកពិភពលោក។ ការគាំទ្រសហរដ្ឋអាមេរិក បានធ្លាក់យ៉ាងខ្លាំង នៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែង ហើយវានៅតែបន្តធ្លាក់ចុះ បើធៀបទៅនឹងកំឡុងការគ្រប់គ្រងនៃរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ ប៉ុន្តែ កាលពីឆ្នាំ២០១៩ អាត្រាគំាទ្រសហរដ្ឋអាមេរិក បានកើនឡើងឡើងវិញ ដោយការកើនឡើងនេះកើតមាននៅក្នុងចំណោមក្រុមអ្នកនយោបាយ ស្ដាំនិយមនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅអឺរ៉ុប។
* តើប្រទេសណាខ្លះស្រឡាញ់លោក ដូណាល់ ត្រាំ ខ្លាំងបំផុត និងតិចបំផុត?
បើតាម Pew លោក ដូណាល់ ត្រាំ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមបណ្ដាប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិក ហើយនៅអាស៊ីគឺហ្វីលីពីន។ ការស្ទង់មតិ របស់មជ្ឈមណ្ឌលនេះដដែល បានបង្ហាញថា អាត្រាគាំទ្រ ឬស្រឡាញ់លោក ត្រាំ នៅក្នុងប្រទេសហ្វីលីពីន មាន៧៧ភាគរយ, អ៊ីស្រាអែល ៧១ភាគរយ, កេនយ៉ា ៦៥ភាគរយ, នីហ្សេរីយ៉ា ៥៨ភាគរយ, ឥណ្ឌា ៥៦ភាគរយ, អ៊ុយក្រែន ៤៤ភាគរយ, ចក្រភពអង់គ្លេស ៣២ភាគរយ, កាណាដា ២៨ភាគរយ, ប្រេស៊ីល ២៨ភាគរយ, រុស្ស៊ី ២០ភាគរយ អាល្លឺម៉ង់ ១៣ភាគរយ និងម៉ិចស៊ីកូ ៨ភាគរយ៕
ប្រភព៖ BBC (នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០)