(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរអូស្រា្តលី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានជាថ្មី និងសេចក្ដីជូនដំណឹងពីការជម្លៀសខ្លួននៅទូទាំងភាគអាគ្នេយ៍នៃប្រទេស ខណៈការត្រឡប់មក វិញនៃអាកាសធាតុក្ដៅហួតហែង បាននិងកំពុងបង្កឱ្យមានភ្លើងឆេះព្រៃដ៏សម្បើមដែលកំពុងគំរាមកំហែងដល់ទីក្រុង និងសហគមន៍ជាច្រើន។
២៖ ផ្កាយមួយគូដែលស្ថិតនៅចម្ងាយ ១,១០០ឆ្នាំពន្លឺពីយើង កំពុងតែកញ្ជ្រោលខ្លួនខ្លាំងឡើង ហើយឈានទៅការបុកគ្នា និងផ្ទុះនៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ នាពេលនោះពួកវានឹងបញ្ចេញពន្លឺភ្លឺយ៉ាងខ្លាំង រហូតអាចឲ្យយើងមើលឃើញដោយ ផ្នែកទទេនៅលើផ្ទៃមេឃរបស់ភពផែនដី។
៣៖ លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តិតយករូបភាពក្រោយការវាយប្រហារដោយគ្រាប់មីស៊ីលអ៉ីរ៉ង់ ទៅលើមូលដ្ឋានទ័ពទាំងពីរកន្លែងរបស់ អាមេរិកនោះឡើយ ដោយពេលនេះរូបភាពនានាពីផ្កាយរណប ត្រូវបានបញ្ចេញមកហើយ។
៤៖ រដ្ឋាភិបាលចិនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ី (Liu He) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
៥៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសអ៉ីរ៉ង់បាននិយាយថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ នៃអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលបានធ្លាក់ស្លាប់មនុស្ស១៧៦នាក់នៅទីក្រុងតេហេរ៉ង់ ទៅឲ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ឬមួយក៏សហរដ្ឋអាមេរិកឡើយ។
៦៖ លទ្ធផលអង្កេតថ្មីមួយបានបង្ហាញថា ឧស្ម័នដែលបាញ់ចេញមកពីប្រហោងខ្មៅល្បីឈ្មោះមួយ កំពុងតែចល័តក្នុងល្បឿនស្មើនឹង ៩៩ភាគរយនៃល្បឿនពន្លឺ (ល្បឿនពន្លឺ = ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)៕