(អាមេរិក)៖ ផ្កាយមួយគូដែលស្ថិតនៅចម្ងាយ ១,១០០ឆ្នាំពន្លឺពីយើង កំពុងតែកញ្ជ្រោលខ្លួនខ្លាំងឡើង ហើយឈានទៅការបុកគ្នា និងផ្ទុះនៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ នាពេលនោះពួកវានឹងបញ្ចេញពន្លឺភ្លឺយ៉ាងខ្លាំង រហូតអាចឲ្យយើងមើលឃើញដោយ ផ្នែកទទេនៅលើផ្ទៃមេឃរបស់ភពផែនដី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន News Scientist នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។
ផ្កាយមួយគូនោះបង្កើតបានប្រព័ន្ធផ្កាយភ្លោះមួយមានឈ្មោះថា V Sagittae ដែលស្ថិតក្នុងកញ្ចុំផ្កាយ Sagitta។ អំឡុងពេលមួយសតវត្សរ៍កន្លងមកនេះ ពួកវាបានកើនឡើងពន្លឺខ្លាំងជាងមុន ១០ដងរួចស្រេចទៅហើយ។ ផ្កាយទាំងពីរដួងនោះមានមួយជាប្រភេទផ្កាយស (White Dwarf) និងមួយទៀតជាផ្កាយធម្មតា មានម៉ាសច្រើនជាងវាបួនដង។
តាមរយៈការវិភាគទៅលើប្រព័ន្ធផ្កាយ V Sagittae ដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក ចំពោះរូបភាពនៃផ្កាយទាំងពីរដួង ចាប់តាំងតែពីឆ្នាំ១៨៩០ រហូតមកទល់បច្ចុប្បន្ន ពួកគេបានរកឃើញថា ពួកវាបានបញ្ចេញពន្លឺកាន់តែខ្លាំងឡើងៗ ហើយបើតាមការព្យាករណ៍ ផ្កាយទាំងពីរកំពុងតែខិតទៅរកគ្នា និងវិលជុំវិញគ្នាកាន់តែលឿន ហើយនៅទីបំផុតគឺក្នុងឆ្នាំ២០៨៣ ពួកវានឹងបុកគ្នារួចបង្កើតជាព្រឹត្តិការណ៍បន្ទុះដ៏ធំមួយ ដែលអាចនឹងជះពន្លឺលុបពន្លឺផ្កាយដទៃៗទៀត នៅលើផ្ទៃមេឃពេលរាត្រី។
គួរជម្រាបថា ព្រឹត្តិការណ៍ផ្ទុះនៃប្រព័ន្ធផ្កាយ V Sagittae អាចបញ្ចេញពន្លឺភ្លឺយ៉ាងហោចណាស់ក៏ស្មើនឹងផ្កាយ Sirius ដែលជាផ្កាយមានពន្លឺ ចែងចាំងជាងគេបំផុតផងដែរ ឬថែមទាំងអាចភ្លឺស្មើការបញ្ចេញពន្លឺរបស់ភពសុក្រ (Venus) ក៏ថាបានដែរ។ ការបញ្ចេញពន្លឺខ្លាំងបែបនេះ ដោយបន្ទុះប្រព័ន្ធផ្កាយ V Sagittae ត្រូវគេរំពឹងថា នឹងមានរយៈពេលមួយខែមុនវាចាប់ផ្តើមបាត់បង់ពន្លឺទៅវិញ ហើយវាក៏ទំនងជាគ្មានឥទ្ធិពលអាក្រក់អ្វី មកដល់ប្រព័ន្ធផ្កាយយើងនោះដែរ៕