Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងធ្វើដំណើរទៅអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម! (Video inside)

09-01-2020 17:09

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ី (Liu He) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

ការចុះហត្ថលេខាខាងលើនេះ នឹងក្លាយជាលទ្ធផលផ្លូវការដំបូងបំផុត នៅក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរលើលោកនេះ សម្រេចបានដើម្បីបន្ថយភាពតានតឹង នៅក្នុងសង្គ្រាមដំឡើងពន្ធ រាប់រយពាន់លានដុល្លារ។ កាលពីសប្តាហ៍មុននេះលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងតូចមួយ (mini agreement) នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ហើយលោកទន្ទឹងរង់ចាំការឆ្លើយតបពីភាគីចិន។

ការប្រកាសរបស់ទីក្រុងប៉េកាំងនៅថ្ងៃនេះ គឺជាការឆ្លើយតបហើយ ទៅនឹងការទង្ទឹងរង់ចាំនៃកិច្ចព្រមព្រៀងជាផ្លូវការមួយ ដែលអាចនឹងបន្ធូរបន្ថយ កម្តៅ រវាងប្រទេសទាំងពីរ។ លោក Liu He ដែលកន្លងមកនេះជាអ្នកដឹកនាំបេសកកម្មតំណាង រដ្ឋាភិបាលចិន ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិកនោះ នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ដែលប្រទេសទាំងពីរបានពិភាក្សា និងឯកភាពគ្នារួចទៅហើយកាលពីឆ្នាំ២០១៩។

បើតាមអ្វីដែលមន្ត្រីអាមេរិក និងចិនបានលើកឡើងនាពេលកន្លងមកនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា, ទំនិញកសិកម្ម និងចំណីអាហារ, សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ។ បន្ថែមពីនេះលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិន ១៦០ពាន់លានដុល្លារ ខណៈចិនវិញសន្យាទិញទំនិញកសិកម្មអាមេរិក បន្ថែមក្នុងតម្លៃ ២០០ពាន់លានដុល្លារផងដែរ៕