(វ៉ាស៊ីនតោន)៖ លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ាក់ ដើម្បីផ្តិតយករូបភាពក្រោយការវាយប្រហារដោយគ្រាប់មីស៊ីលអ៉ីរ៉ង់ ទៅលើមូលដ្ឋានទ័ពទាំងពីរកន្លែងរបស់ អាមេរិកនោះឡើយ ដោយពេលនេះរូបភាពនានាពីផ្កាយរណប ត្រូវបានបញ្ចេញមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។
ផ្កាយរណបមួយចំនួនរបស់ក្រុមហ៊ុនស្រាវជ្រាវភពផែនដី ដែលមានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វរញ៉ា បានបញ្ចេញរូបភាពមួយចំនួន ដែលត្រូវបានថតពីលើមូលដ្ឋានទ័ពអាកាសអាមេរិក អេនអាល់អាស្សាដ (Ain al-Assad) ជាមូលដ្ឋានមួយក្នុងចំណោមពីរ ដែលត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ជាច្រើនគ្រាប់ធ្លាក់ចំ។
តាមរយៈរូបភាពនានា ដែលត្រូវបានថតនៅថ្ងៃទី០៨ ខែមករា គ្រប់គ្នាអាចមើលឃើញនូវមូលដ្ឋានមួយចំនួន នៅក្នុងបន្ទាយត្រូវបានគ្រាប់មីស៊ីលកម្ទេច។ ទោះបីជាបែបនេះក្តី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងរួចទៅហើយថា គ្មានទាហានអាមេរិកណាម្នាក់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះឡើយ ខណៈមន្ត្រីតំណាងអ៉ីរ៉ង់នៅអង្គការសហប្រជាជាតិវិញ ក៏បានគូសបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់រងគ្រោះដោយសារគ្រាប់មីស៊ីលរបស់ខ្លួន ដែលត្រូវបានបាញ់កាលពីព្រឹកថ្ងៃពុធនោះដែរ៕