(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីល ទៅលើមូលដ្ឋានទ័ពចំនួនពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានវត្តមានកងទ័ពអាមេរិកនៅទីនោះ ហើយហេតុការណ៍នេះបានកើតមានឡើង បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani)។
២៖ ក្រសួងការបរទេសអ៊ុយក្រែន បានឱ្យដឹងថាអ្នកដំណើរ និងអាកាសយាននិកទាំងអស់សរុប១៧៦នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ Boeing 737 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់ នៅថ្ងៃពុធនេះ គឺមានពលរដ្ឋអ៉ីរ៉ង់ កាណាដា អ៊ុយក្រែន ស៊ុយអែត អាហ្វហ្គានីស្ថាន អាល្លឺម៉ង់ និងអង់គ្លេស។
៣៖ ចិនចេញមុខអំពាវនាវឲ្យសហដ្ឋអាមេរិកនិងអ៉ីរ៉ង់ប្រកាន់យកភាពអត់ធ្មត់ ហើយព្យាយាមដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ជាជាង តាមរយៈការបន្តវាយប្រហារគ្នាទៅវិញទៅមក ក្រោយពីទីក្រុងតេហេរ៉ង់នៅទីបំផុតបានបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក ក្នុងទឹកដីប្រទេសអ៉ីរ៉ាក់។
៤៖ នាថ្ងៃពុធនេះគ្រោះរញ្ជួយដីចំនួនពីរ បានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ មួយកន្លែង។
៥៖ រដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិក (FAA) បានចេញបម្រាមហើយ ដោយហាមយន្ដហោះដឹកអ្នកដំណើរអាមេរិកទាំងអស់ ធ្វើប្រតិបត្តិការហោះហើរនៅក្នុងដែនអាកាសនៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រអូម៉ង់ ព្រមទាំងដែនទឹកចន្លោះអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីយោធាអ៊ីរ៉ង់ បើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់។
៦៖ តុលាការមួយនៅក្នុងប្រទេសឥណ្ឌា បានចេញសាលក្រមបង្គាប់ឲ្យកាត់ទោសប្រហារជីវិត ដោយព្យួរកបុរស ០៤នាក់ ដែលត្រូវបានផ្ដន្ទាទោសពីបទរំលោភ និងសម្លាប់និស្សិតស្រីម្នាក់ មកពីសាកលវិទ្យាល័យទីក្រុងញូដេលី កាលពីឆ្នាំ២០១២ ហើយការប្រហារជីវិតជនទាំងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០៕