(បាកដាដ)៖ លោក កាអ៉ីស អាល់ ខាសាលី (Qais al-Khazali) ដែលជាមេបញ្ជាការមួយរូបនៃកងជីវពលនៅប្រទេសអ៉ីរ៉ាក់ នាថ្ងៃពុធនេះបានលើកឡើងថា អ៉ីរ៉ង់ទើបតែបានធ្វើការឆ្លើយតប ជាជំហានដំបូងដាក់សហរដ្ឋអាមេរិក សម្រាប់ការសម្លាប់មេទ័ពអ៉ីរ៉ង់លោក អាស្សេម សូឡៃមេនី (Qassem Soleimani) ហើយឥឡូវវាក៏ដល់ពេល ដែលអ៉ីរ៉ាក់ត្រូវធ្វើយ៉ាងដូច្នោះដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
លោក Khazali ដែលជាមេដឹកនាំក្រុមក្រុមកងជីវពលអ៉ីរ៉ាក់ឈ្មោះថា អាសេប អាហល អាលហាក (Asaib Ahl al-Haq) បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់អ៉ីរ៉ាក់ នឹងមិនចាញ់ទំហំនៃការសងសឹកជំហានដំបូងរបស់អ៉ីរ៉ង់នោះដែរ។ លោក Khazali បានលើកឡើងយ៉ាងដូច្នេះ «ការឆ្លើយតបជាជំហានដំបូងរបស់អ៉ីរ៉ង់ ចំពោះសកម្មភាពធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ លោក Soleimani បានកើតឡើងហើយ។ ឥឡូវវាដល់ពេលឆ្លើយតបជាជំហានដំបូងពីខាងអ៉ីរ៉ាក់ ចំពោះការសម្លាប់មេកងជីវពលអ៉ីរ៉ាក់លោក មូហានឌីស (Muhandis) វិញម្តង ហើយការឆ្លើយតបក៏ដូចជាសងសឹករបស់អ៉ីរ៉ាក់ ក៏នឹងមិនចាញ់ការសងសឹករបស់អ៉ីរ៉ង់ឡើយ ដោយនេះគឺជាការសន្យារបស់ពួកយើង»។
គួរជម្រាបថា លោក Soleimani មេកងទ័ពពិសេសអ៉ីរ៉ង់ (Quds Force) និងលោក Abu Mahdi al-Muhandis ដែលជាមេបញ្ជាការកងជីវពលអ៉ីរ៉ាក់ PMF (Popular Mobilisation Forces) បានបាត់បង់ជីវិតជាមួយមនុស្សប៉ុន្មាននាក់ទៀត នៅពេលដែលយោធាអាមេរិក បានប្រើយន្តហោះដ្រូនឆ្មក់វាយប្រហារទៅលើក្បួន រថយន្តអ្នកទាំងពីរ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់។
ជាការសងសឹកអ៉ីរ៉ង់នាថ្ងៃពុធនេះបានបាញ់មីស៊ីលយ៉ាងតិច ១៥គ្រាប់ (តួលេខពីអាមេរិក) ស្រោចទៅលើមូលដ្ឋានយោធាពីរកន្លែង ដែលមានផ្ទុកកងទ័ពអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ ប៉ុន្តែនៅមិនទាន់ច្បាស់ថា មានមនុស្សបាត់បង់ជីវិត ដោយសារការវាយប្រហារនោះដែរ ឬក៏អត់នោះទេ ខណៈបណ្តាញសារព័ត៌មានអាមេរិកថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់ឡើយ រីឯយោធាអ៉ីរ៉ាក់បានអះអាងថា គ្មានការបង្កគ្រោះថ្នាក់ដល់កងទ័ពខ្លួនទេ ប៉ុន្តែទូរទស្សន៍អ៉ីរ៉ង់វិញបានរាយការណ៍ថា កងទ័ពអាមេរិករហូតដល់ ៨០នាក់បានស្លាប់៕