(ប៉េកាំង)៖ ចិនចេញមុខអំពាវនាវឲ្យសហដ្ឋអាមេរិកនិងអ៉ីរ៉ង់ប្រកាន់យកភាពអត់ធ្មត់ ហើយព្យាយាមដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ជាជាង តាមរយៈការបន្តវាយប្រហារគ្នាទៅវិញទៅមក ក្រោយពីទីក្រុងតេហេរ៉ង់នៅទីបំផុតបានបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក ក្នុងទឹកដីប្រទេសអ៉ីរ៉ាក់ ដើម្បីសងសឹកចំពោះការធ្វើឃាតលើលោក Qassem Soleimani ដែលជាមេទ័ពកំពូលម្នាក់របស់ខ្លួន។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
នាថ្ងៃពុធនេះ យោធាអ៉ីរ៉ង់បានបាញ់មីស៊ីលយ៉ាងហោច១៥គ្រាប់ទៅលើមូលដ្ឋានទ័ពពីរកន្លែងមានផ្ទុកយោធាអាមេរិក ដែលស្ថិតក្នុងប្រទេស អ៉ីរ៉ាក់ ដោយវាជាការចាប់ផ្តើមសងសឹកចំពោះការធ្វើឃាតលោក Soleimani ដែលធ្វើឡើងយន្តហោះដ្រូនអាមេរិក នៅទីក្រុងបាកដាដរបស់ ប្រទេស អ៉ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ពាក់ព័ន្ធការបាញ់មីស៊ីលនេះ ទាំងខាងប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក ខាងទូរទស្សន៍រដ្ឋអ៉ីរ៉ង់ និងខាង យោធាអ៉ីរ៉ាក់ សុទ្ធតែបានអះអាងផ្ទុយពីគ្នា។ ដូច្នេះវាមិនច្បាស់នោះទេថា មានឬមិនមានមនុស្សស្លាប់ដូចការអះអាងរបស់ពួកគេឲ្យពិតប្រាកដ។
ខណៈសភាពការណ៍កាន់តែក្តៅឡើងមួយកម្រិតថ្មីទៀតនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នាថ្ងៃពុធនេះ បាននិយាយថា ការធ្លាក់ចុះដុនដាបធ្ងន់ធ្ងរនៃស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា គឺមិនផ្តល់ផលចំណេញដល់ភាគីណាមួយឡើយ ហើយលោកបានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដោយសន្តិវិធី។ កន្លងមក ទីក្រុងប៉េកាំងធ្លាប់ បានបន្ទោសទៅលើសហរដ្ឋអាមេរិក សម្រាប់ការដុតបញ្ឆេះភាពតានតឹងនៅមជ្ឈិមបូព៌ាតាមរយៈការប្រើកម្លាំងបាយ ក្នុងការប្រឈមមុខ ដាក់គ្នាជាមួយអ៉ីរ៉ង់។
គួរជម្រាបថា ទាក់ទិនការវាយប្រហារមីស៊ីលរបស់អ៉ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងធ្វើសន្និសីទ កាសែតមួយនៅព្រឹកថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ខណៈប្រមុខដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei បានលើក ឡើងថា ការបាញ់ស្រោចមីស៊ីលនោះ គឺប្រៀបដូចជាការទះមួយកំផ្លៀងដំបូងទៅលើផ្ទៃមុខអាមេរិក៕