(វ៉ាស៊ីនតោន)៖ គិតចាប់តាំងពីយោធាអ៉ីរ៉ង់បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍ RQ-4 មួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានរំលោភចូលដែនអាកាសអ៉ីរ៉ង់ក្នុងខេត្ត ហ័រមូសហ្គាន់ (Hormuzgan) កាលពីឆ្នាំ២០១៩ រហូតដល់ការធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ នៅទឹកដីអ៉ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន និងការផ្លោងមីស៉ីលសងសឹកវិញដោយ អ៉ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនានាលើដីអ៊ីរ៉ាក់ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០នេះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ពិតជាពិបាកឲ្យគ្រប់គ្នាសង្ឃឹមថា នឹងស្ងប់ស្ងាត់ទៅវិញណាស់។
ភាពតានតឹងនាដើមឆ្នាំ២០២០ គឺជាមានសភាពធ្ងន់ធ្ងរខ្លាំងជាងឆ្នាំ២០១៩ ឆ្ងាយមែនទែន ព្រោះលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកធ្វើឃាត ដោយយន្តហោះដ្រូនក្នុងទឹកដីប្រទេសអ៊ីរ៉ាក់នោះ ត្រូវបានប្រជាជាតិអ៊ីរ៉ង់ទាំងមូល ចាត់ទុកជាមន្ត្រីទ័ពដ៏ពូកែមួយរូប ហើយមិនថាតែសារព័ត៌មានជាតិ និងអន្តរជាតិនោះឡើយ តែងតែចុះផ្សាយពីពាក្យសម្តីព្រមានរបស់លោក ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជារឿយៗ។
ការបាញ់មីស៊ីលរាប់សិបគ្រាប់ ទៅលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែងក្នុងទឹកដី អ៊ីរ៉ាក់ គឺជាសារបញ្ជាក់ថា អ៊ីរ៉ង់ពិតជាពិបាកទប់កំហឹងបំផុត ហើយប្រទេសនេះ ក៏ទំនងជាមិនខ្លាចអាមេរិកតបតវិញនោះដែរ ប្រសិនបើស្ថានការណ៍ កាន់តែអាក្រក់ខ្លាំងជាងនេះ។ ប៉ុន្តែសមត្ថភាពជាក់ស្តែងនៃយោធាអ៊ីរ៉ង់ ពិតជាមិនអាចទប់ទល់ជាមួយអាមេរិកនោះឡើយ បើសិនជាយើងមើលលើក្រដាស។
តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អាចនឹងផ្ទុះឡើងដែរឬទេ?
ចម្លើយគឺងាយនឹងឆ្លើយបំផុតនោះ គឺសង្រ្គាមអាចនឹងផ្ទុះឡើង ប៉ុន្តែមិនមែនពេលនេះ ហើយក៏មិនមាននរណាដឹងថា នៅពេលណានោះដែរ។ ប៉ុន្តែបើសង្រ្គាមផ្ទុះមែន អ៊ីរ៉ង់មិនមែនជាដៃគូរបស់អាមេរិក ដែលជាមហាអំណាចយោធាលេខមួយ នៅលើពិភពលោកបានឡើយ។
ខាងក្រោមនេះ គឺការប្រៀបធៀបត្រួសៗរវាងកម្លាំងយោធាអាមេរិក និងអ៊ីរ៉ង់៖
* សហរដ្ឋអាមេរិក (យោធាលំដាប់លេខ ១ លើលោក)
- មានកញ្ចប់ថវិកាយោធាជាង ៧១៦ពាន់លានដុល្លារ (ឆ្នាំ២០១៨) និងទើបបង្កើនថែមទៀតកាលពីឆ្នាំ២០១៩
- មានកងទ័ពសកម្មចំនួន ១,២៨១,៩០០នាក់ និងទ័ពបម្រុង ៨៦០,០០០នាក់
- មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៧,២០០គ្រាប់ (មិនរាប់មីស៊ីល)
- មានរថក្រោះ ៦,៣៩៣គ្រឿង
- មានយន្ដហោះចម្បាំងសរុប ១២,៣០៤គ្រឿង
- មានឧទ្ធម្ភាគចក្រយោធា ៤,៨៨៩គ្រឿង
- មាននាវាចម្បាំងសរុប ៤៣៧គ្រឿង ក្នុងនោះនាវាផ្ទុកយន្ដហោះចម្បាំង ២៤គ្រឿង និងនាវាមុជទឹក ៧១គ្រឿង។
* ប្រទេសអ៊ីរ៉ង់ (យោធាលំដាប់លេខ ១៤ លើលោក)
- មានកញ្ចប់ថវិកាយោធា ១៩.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨) ប៉ុន្តែសភាអ៊ីរ៉ង់គ្រោង កាត់បន្ថយនៅឆ្នាំ២០១៩-២០២០ ដោយសារវិបត្តិសេដ្ឋកិច្ច
- មានកងទ័ពសកម្ម ៥៥០,០០០នាក់ និងទ័ពបម្រុង ៣៥០,០០០នាក់
- មានរថក្រោះ ២,៥៣១គ្រឿង (មិនរាប់បញ្ចូលមីស៊ីល និងគ្រាប់រ៉ុក្កែត)
- មានយន្ដហោះចម្បាំងសរុប ៨៥០គ្រឿង
- មានឧទ្ធម្ភាគចក្រយោធាសរុប ៣២៤គ្រឿង
- មានចម្បាំងសរុប ៤០៦គ្រឿង និងនាវាមុជទឹក ៣៤-៤០គ្រឿង។
យ៉ាងណាក៏ដោយការរៀបរាប់អំពី សក្កានុពលយោធាជាក់ស្តែងរវាងប្រទេសទាំងពីរ មិនអាចបង្ហាញអំពីភាពឈ្នះ ឬចាញ់សង្គ្រាម ដែលអាចទៅរួចទាំងស្រុងនោះឡើយ ខណៈកត្តាសំខាន់ៗផ្សេងទៀតដូចជា យុទ្ធសាស្ត្រយោធា ទីតាំងភូមិសាស្ត្រ និងការជួយបន្ថែមពីក្រោយខ្នង ឬដោយចំពោះពីសំណាក់បណ្តាសម្ព័ន្ធមិត្ត នៃភាគីជម្លោះរៀងៗខ្លួននោះ ក៏ចាំបាច់ដែលអាចបង្កើនកម្លាំងប្រទេសនីមួយៗ នៅក្នុងពេលផ្ទុះសង្គ្រាមនោះផងដែរ។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងចាប់តាំងពីសហរដ្ឋអាមេរិក ចាប់ផ្ដើមផែនការដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងទីក្រុងតេហេរ៉ង់កាលពីចុងឆ្នាំ២០១៨ ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៩ បានអះអាងថា ខ្លួនបានដឹងអំពីផែនការសម្ងាត់របស់អ៊ីរ៉ង់ ដែលកំពុងត្រៀមវាយប្រហារមកលើសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់មជ្ឈិបូព៌ា។
ដូច្នេះដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាជាធំ អាមេរិកក៏សម្រេចបញ្ជូនកងកម្លាំងយោធា និងសព្វាវុធគ្រប់ប្រភេទ មកកាន់តំបន់នេះតែម្តង គិតចាប់តាំងពីអំឡុងឆ្នាំ២០១៩ និងត្រៀមបញ្ជូនរហូតដល់ ៣,៥០០នាក់បន្ថែមទៀតក្នុងឆ្នាំ២០២០នេះ។ សហរដ្ឋអាមេរិកបានវាយប្រហារ ផ្តាច់ជីវិត មេទ័ពអ៊ីរ៉ង់លោក Qassem Soleimani កាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោមហេតុផលថា ដើម្បីទប់ស្កាត់ផែនការវាយប្រហារមកលើស្ថានទូត មូលដ្ឋានទ័ព និងផលប្រយោជន៍អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា៕
ប្រភព៖ វែបសាយ Armed Forces (ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០)