(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ុយក្រែន បានឱ្យដឹងថាអ្នកដំណើរ និងអាកាសយាននិកទាំងអស់សរុប១៧៦នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ Boeing 737 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៉ីរ៉ង់ នៅថ្ងៃពុធនេះ គឺមានពលរដ្ឋអ៉ីរ៉ង់ កាណាដា អ៊ុយក្រែន ស៊ុយអែត អាហ្វហ្គានីស្ថាន អាល្លឺម៉ង់ និងអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំង១៧៦នាក់ មានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់,ស៊ុយអែត ១០នាក, អាហ្វហ្គានីស្ថាន៤នាក់, អាល្លឺម៉ង់ ៣នាក់ និងអង់គ្លេស៣នាក់។ ចំណែកឯ ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីរ៉ង់ ក៏បានអះអាងដែរថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ។
យន្តហោះ Boeing 737-800 នោះ មានមនុស្សជិះសរុបចំនួន១៧៦នាក់ ដែលគិតទាំងអ្នកដំណើរនិងអ្នកបម្រើការងារ ប៉ុន្តែក៏មានការអះអាងផ្សេង ទៀតផងដែរថា មនុស្សដែលធ្វើដំណើរលើយន្តហោះនោះ មានចំនួន១៦៨នាក់ និង១៨០នាក់។ យ៉ាងណាមិញ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់អ្នកទាំងនោះបាន បាត់បង់ជីវិតទាំងអស់ នៅពេលយន្តហោះធ្លាក់ក្រោយឡើងពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini នៅឯជាយទីក្រុងតេហេរ៉ង់ កាលពីមុនព្រឹកព្រលឹមថ្ងៃពុធនេះ (ពេលវេលាក្នុងតំបន់នៅទីក្រុងតេហេរ៉ង់)។
គួរជម្រាបថា យន្តហោះដឹកអ្នកដំណើរខាងលើមានគោលដៅឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Boryspil នៃរដ្ឋធានីកៀវនៃប្រទេស អ៊ុយក្រែន។ បើតាមអ្នកតំណាង ព្រលានយន្តហោះ Imam Khomeini យន្តហោះនោះបានធ្លាក់ ដោយសារតែបញ្ហាបច្ចេកទេស គឺម៉ាស៊ីនរបស់ យន្តហោះបានខូច ហើយឆាបឆេះ៕