(តេហេរ៉ង់)៖ នាថ្ងៃពុធនេះគ្រោះរញ្ជួយដីចំនួនពីរ បានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ មួយកន្លែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក US Geological Survey ក្នុងចំណោមគ្រោះរញ្ជួយដីទាំងពីរ មួយមានកម្រិត៤.៩រ៉ិចទ័រ ដែលបានវាយប្រហារនៅចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង Borazjan និងមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី ហើយចំណុចរំញ័ររបស់វាគឺមិន សូវជាឆ្ងាយប៉ុន្មានពីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ឡើយ ខណៈមួយទៀតមានកម្រិត៤.៥រ៉ិចទ័រ ដែលបានកើតឡើងក្រោយគ្នា មួយម៉ោង ហើយចំណុចរំញ័ររបស់វាស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីក្រុង Borazjan។
គួរជម្រាបថា កាលពីចុងខែធ្នូ ឆ្នាំ២០១៩ គ្រោះរញ្ជួយដីស្រដៀងគ្នានេះ ក៏បានវាយប្រហារនៅក្បែរទីក្រុង Borazjan ក្បែររោងចក្រថាមពល នុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ផងដែរ។ ទោះជាបែបនេះក្តី ហេតុការណ៍រញ្ជួយផែនដីទាំងអស់នោះ មិនបានបង្កការគំរាមកំហែងណាមួយ ដល់ រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ឡើយ៕