(បាកដាដ)៖ ក្រោយមានការបាញ់ពីមីស៊ីលពីប្រទេសអ៉ីរ៉ង់ យោធាអ៉ីរ៉ាក់ចេញប្រកាសថា មីស៊ីលសរុបចំនួន២២គ្រាប់បានហោះមកពីអ៉ីរ៉ង់ ហើយធ្លាក់ចំលើមូលដ្ឋានយោធាពីរកន្លែងនៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់កងទ័ពអ៉ីរ៉ាក់ណាម្នាក់ឡើយ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sky News នៅរសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
យោងតាមការអះអាងរបសយោធាអ៉ីរ៉ាក់ មីស៊ីលចំនួន១៧គ្រាប់បានធ្លាក់ចំលើមូលដ្ឋានទ័ពឈ្មោះថា Al Asad និង៥គ្រាប់ទៀតបានធ្លាក់ចំ លើមូលដ្ឋានទ័ពឈ្មោះ Erbil។ អ៉ីរ៉ង់បានបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពក្នុងប្រទេសអ៉ីរ៉ាក់បែបនេះ ព្រោះតែមូលដ្ឋានយោធាទាំងនោះ គឺជាកន្លែងដែលកងទ័ពអាមេរិកកំពុងឈរជើងផងដែរ ហើយវាជាការសងសឹកតបតទៅវិញ ចំពោះសកម្មភាពធ្វើឃាតរបស់អាមេរិកមកលើ មេទ័ពកំពូលម្នាក់របស់អ៉ីរ៉ង់កាលពីសប្តាហ៍មុន។
គួរជម្រាបថា ពាក់ព័ន្ធការបាញ់មីស៊ីលរបស់អ៉ីរ៉ង់ បណ្តាញសារព័ត៌មាននៅសហរដ្ឋអាមេរិក បានចុះផ្សាយថាពុំមានកងទ័ពអាមេរិកណាម្នាក់ បានបាត់បង់ជីវិតនោះឡើយ ព្រោះបាញ់ចំកន្លែងដែលពុំមានវត្តមានយោធាអាមេរិក។ ប៉ុន្តែស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់វិញ បានអះអាងផ្ទុយពី គ្នាថា កងទ័ពអាមេរិករហូតដល់ខ្ទង់៨០នាក់បានស្លាប់ ដោយសារតែការបាញ់មីស៊ីលរបស់អ៉ីរ៉ង់៕