(ឌូបៃ)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានអះអាងថា យោធាអាមេរិក៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួន លើមូលដ្ឋានទ័ពអាមេរិកចំនួន២ នៅលើទឹកដី អ៉ីរ៉ាក់ នៅថ្ងៃពុធនេះ។ ប៉ុន្តែខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើការធ្វើអត្ថាធិប្បាយអ្វីទេ ខណៈបើតាមសារព័ត៌មាន CNN គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ធ្លាក់ចំតំបន់គ្មានយោធាអាមេរិក ស្ថិតនៅ តែថាយោធាអ៊ីរ៉ាក់អាចនឹងមានអ្នកស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
អ៉ីរ៉ង់នៅថ្ងៃពុធនេះបានបាញ់មីស៊ីលរាប់សិបគ្រាប់ស្រោច លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ព្រមពេលជាមួយគ្នាអ៉ីរ៉ង់ ក៏បានអះអាងដែរថា នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុណ្ណោះហើយថាខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារ ទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ស្របពេលយន្ដហោះចម្បាំងអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ ថាកំពុងស្ថិតនៅ ក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ អ៉ីរ៉ង់បានបាញ់មីស៊ីល ៣០គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិក ចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil)។ ប៉ុន្តែ មន្ទីរបញ្ចកោណអះអាងថា មានតែ ១៥គ្រាប់ប៉ុណ្ណោះ ហើយអ៊ីរ៉ាក់ ថា២២គ្រាប់។ ក្រោយវាយប្រហារ អ៊ីរ៉ង់បានបញ្ជាក់ទៀតថា ការវាយប្រហារនេះគឺជាការចាប់ផ្ដើម តាមពាក្យសន្យាសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qassem Soleimani ដែលត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕