(តូក្យូ)៖ តម្លៃប្រេងបានហក់ឡើងខ្ពស់នៅថ្ងៃពុធនេះ បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារសងសឹក ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយការវាយប្រហារសម្លាប់មេទ័ពកំពូលរបស់ខ្លួន គឺលោក កាស្សេម សូឡៃមេនី ដោយកងទ័ពអាកាសអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
តម្លៃប្រេងនៅអាមេរិកបានកើនឡើង លើសតម្លៃកាលពីថ្ងៃអង្គារ ខណៈដែលការភ័យខ្លាចចំពោះផលប៉ះពាល់ លើការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃកើនឡើង។ តម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើងដល់ ៦៣.៦៣ដុល្លារក្នុងមួយបារ៉ែល ស្មើនឹង ០.៩៣% នៃកំណើន និង Brent កើនឡើងដល់ ៦៩.៣៤%ក្នុងមួយបារ៉ែលស្មើនឹង ១.១០%នៃកំណើន។
គួរបញ្ជាក់ថា ទីផ្សារប្រេងពិភពលោករួមទាំងនៅសហរដ្ឋអាមេរិក បានរង្គោះរង្គើចាប់តាំងពីការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ ខណៈអ្នកវិភាគជាច្រើនបានព្រមានអំពីភាពតានតឹង ឬក៏សង្គ្រាមទ្រង់ទ្រាយធំអាចផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីប្រេងឡើងថ្លៃ តម្លៃមាសលើទីផ្សារសកលក៏បានកើន ២%បន្ថែមទៀតផងដែរ ដោយមួយអោនស្មើនឹង ១,៦០០ដុល្លារអាមេរិក មិនធ្លាប់មានឡើយក្នុងរយៈពេល ០៦ឆ្នាំមកនេះ៕