(ឌូបៃ)៖ អ៊ីរ៉ង់នៅថ្ងៃពុធនេះបានបាញ់មីស៊ីលរាប់សិបគ្រាប់ស្រោច លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប៉ុន្តែព្រមពេលជាមួយគ្នាអ៊ីរ៉ង់អះអាងថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះហើយថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅ ក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់។
តើយោធាអ៊ីរ៉ង់មានសមត្ថភាពខ្លាំងដល់កម្រិតណា?
* អ៊ីរ៉ង់មានកងទ័ពខ្លាំងក្លាច្រើនជាងកន្លះលាននាក់ ក្នុងនោះរួមមានទាំងកងទ័ព ១៥០,០០០នាក់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC (មិនរាប់កងទ័ពបម្រុង)
* កងកម្លាំង IRGC ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ដើម្បីការពាររបបដឹកនាំសព្វថ្ងៃនៅអ៊ីរ៉ង់ ប្រកបដោយបទពិសោធន៍ខ្ពស់
* អ៊ីរ៉ង់មានមីស៊ីលផ្លោងបាលិស្ទីគអន្តរទ្វីប (មិនរាប់បញ្ចូលយន្ដហោះចម្បាំង ឬនាវាចម្បាំង) ដូចជា៖
- មីស៊ីល ហ្សាហាប ១ (Shahab 1) បាញ់បានចំងាយ ៣០០គីឡូម៉ែត្រ
- មីស៊ីល Shahab 2 បាញ់បានចំងាយ ៥០០គីឡូម៉ែត្រ
- មីស៊ីល ហ្វាតេហ៍ (Fateh) ចំងាយពី ៣០០ ដល់ ៥០០គីឡូម៉ែត្រ
- មីស៊ីល ហ្សូលហ្វាហ្គា (Zolfaghar) ចំងាយ ៧០០គីឡូម៉ែត្រ
- មីស៊ីល កៀម១ (Qiam-1) ចំងាយ ៧៥០ម៉ែត្រ
- មីស៊ីល Shahab ៣ ចំងាយ ២,០០០គីឡូម៉ែត្រ
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះអ៊ីរ៉ង់បានបាញ់មីស៊ីល ៣០គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិក ចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil)។ ប៉ុន្តែមន្ទីរបញ្ចកោណអះអាងថា មានតែ ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាមប្រភពដែលទូរទស្សន៍អាមេរិក Fox News ទទួលបានមិនមានកងទ័ពអាមេរិកណាមួយបាត់បង់ជីវិតនោះទេ ហើយអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារនេះគឺជាការចាប់ផ្ដើម តាមពាក្យសន្យាសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព Qassem Soleimani ដែលត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕