(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបញ្ជាក់ថា អ៊ីរ៉ង់មិនមែនកំពុងបង្កជម្លោះ ឬធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបាន បាញ់មីស៊ីលរាប់សិបគ្រាប់ ស្រោចលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
ថ្លែងនៅលើ Twitter នៅថ្ងៃពុធនេះ លោក Zarif បានលើកឡើងដូច្នេះថា៖ «អ្វីដែលអ៊ីរ៉ង់បាននិងកំពុងធ្វើ គឺជាការវិធានការយ៉ាងសមស្របដើម្បីការខ្លួនឯង ស្របទៅតាម មាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ លើមូលដ្ឋានដែលបានវាយប្រហារប្រឆាំងនឹងពលរដ្ឋ និងមន្ត្រីជនខ្ពស់របស់យើង...ដូច្នេះយើងមិនមែនកំពុងបង្កជម្លោះ ឬធ្វើសង្រ្គាមនោះទេ តែយើងនឹងការពារខ្លួនឯង ប្រឈមមុខនឹងការឈ្លានពានទាំងឡាយ»។
គួរជម្រាបថា បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ មូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil) បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់នៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្តែ មន្ទីរបញ្ចកោណអះអាងថាមានតែ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាម ប្រភពដែលទូរទស្សន៍អាមេរិក Fox News ទទួលបាន មិនមានកងទ័ពអាមេរិកណាមួយបាត់បង់ជីវិតនោះទេ។ បន្ថែមពីលើនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានគំរាមធ្ងន់ៗ ផងដែរថាខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារ ទ្រង់ទ្រាយធំទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់៕