(ឌូបៃ)៖ កងកម្លាំងឆ្មាំបដិវត្ត៍អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារដោយគ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃពុធនេះ គឺជាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយអ៊ីរ៉ង់ទុកជម្រើសពីរឱ្យលោក ដូណាល់ ត្រាំ ពិចារណា នោះគឺដកកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិម ឬក៏រើមូលដ្ឋានទៅកន្លែងណាមួយឱ្យឆ្ងាយ កុំឱ្យអ៊ីរ៉ង់តាមទៅដល់ឱ្យសោះ។ ដោយឡែកខាងអាមេរិកវិញបានអះអាងថា គ្មានកងទ័ពខ្លួនណាម្នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
តាមរយៈការដកស្រង់សម្ដីពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយយ៉ាងដូច្នេះថា «មីស៊ីលដែលយើងបាញ់ស្រោច លើមូលដ្ឋានទ័ពអាមេរិកនៅថ្ងៃនេះ គឺជាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ និងជាការទុកពេលឱ្យប្រធានាធិបតីអាមេរិក ត្រាំ ពិចារណាដកកងទ័ពអាមេរិកខ្លួនចេញពីតំបន់នេះ (មជ្ឈិមបូព៌ា) ឬក៏ទៅកន្លែងណាមួយឱ្យឆ្ងាយ កុំឱ្យអ៊ីរ៉ង់តាមទៅដល់ឱ្យសោះ»។
គួរបញ្ជាក់ថា បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ មូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil) បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់នៅព្រឹកថ្ងៃពុធនេះ។
ប៉ុន្តែមន្ទីរបញ្ចកោណអះអាងថា មីស៊ីលដែលអ៊ីរ៉ង់បានបាញ់នោះ គឺមានតែ ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាមប្រភពដែលទូរទស្សន៍អាមេរិក Fox News ទទួលបាន មិនមានកងទ័ពអាមេរិកណាម្នាក់បាត់បង់ជីវិតនោះទេ។ បន្ថែមពីលើនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានគំរាមធ្ងន់ៗផងដែរថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់៕