(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃពុធនេះបានគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់ពីសំណាក់យោធាអ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
ការគំរាមបែបនេះរបស់អ៊ីរ៉ង់ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល (Erbil) បានរងការវាយប្រហារ ដោយគ្រាប់មីស៊ីលជាង ៣០គ្រាប់នៅព្រឹកថ្ងៃពុធនេះ។ យោធាអាមរិកបានអះអាងថា នេះគឺជាស្នាដៃរបស់អ៊ីរ៉ង់ រីឯទីក្រុងតេហេរ៉ង់ក៏បានទទួលស្គាល់ដែរថា ខ្លួនគឺជាអ្នកបាញ់មីស៊ីលស្រោចមូលដ្ឋានទ័ពអាមេរិក ជាមួយការព្រមានវាយប្រហារជាបន្តបន្ទាប់ទៀត បើអាមេរិកហ៊ានសងសឹកលើអ៊ីរ៉ង់វិញ។
លើសពីនេះទៅទៀត បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ការវាយប្រហាររបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គ្រាន់តែជាការចាប់ផ្ដើម នៃការអនុវត្តតាមពាក្យសន្យាសងសឹក ឱ្យវិញ្ញាណក្ខន្ធលោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ នៅលើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ណាមួយ អំពីការបាត់បង់ជីវិតនៃយោធាអាមេរិកណាម្នាក់នោះទេ ខណៈលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងថ្លែងសារមួយចេញពីសេតវិមាន នៅប៉ុន្មានម៉ោងខាងមុខនេះ៕