(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រជាជនអ៊ីរ៉ង់៤០នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតទទួលរងរបួស ដោយសារការរត់ជាន់លើគ្នា នៅក្នុងពិធីបុណ្យសព លោក កាស្សេម សូឡៃមេនី (Qassem Soleimani) មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។
២៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នាដើមសប្តាហ៍នេះបានប្រកាសថា កែវយឺតអវកាស TESS បានរកឃើញភពមួយមាន ទំហំប្រហាក់ប្រហែលផែនដី ដែលស្ថិតនៅតំបន់អំណោយផល នៃផ្កាយរបស់វាថែមទៀតផង។
៣៖ សិង្ហបុរី បញ្ជូនឧទ្ធម្ភាគចក្រពីរគ្រឿង ឱ្យទៅជួយជម្លៀសប្រជាជនចេញពីតំបន់ភ្លើងឆេះព្រៃនៅអូស្រ្តាលី។
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាថ្ងៃអង្គារនេះបាននិយាយថា បច្ចុប្បន្នការរិះរកមធ្យោបាយជាក់ស្តែង ដើម្បីលើកកម្ពស់ចំណង ទាក់ទងជាមួយកូរ៉េខាងជើង គឺជារឿងចាំបាច់ជាខ្លាំង ហើយលោកត្រៀមខ្លួនជានិច្ច ដើម្បីជួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាថ្មីម្តងទៀត។
៥៖ កងទ័ពអាកាសអាមេរិក បាននិងកំពុងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៦គ្រឿង ទៅកាន់មូលដ្ឋានទ័ព នៅលើកោះឌីហ្គោហ្គាសៀ (Diego Garcia) នៃមហាសមុទ្រឥណ្ឌា ចំពេលទីក្រុងតេហេរ៉ង់កំពុងតែគំរាមកាន់តែខ្លាំងឡើង ថានឹងវាយប្រហារសងសឹក។
៦៖ ក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX ទើបតែបានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ៦០គ្រឿងបន្ថែមទៀតឡើងទៅកាន់ ទីអវកាស ក្រោមគម្រោងបង្កើតបណ្តាញផ្កាយរណបសរុបរាប់ម៉ឺនគ្រឿង ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធឺណែតដល់អ្នកប្រើប្រាស់នៅ លើពិភពលោក ដែលប្រការនេះមានន័យថា គំរោង Starlink មានផ្កាយរណបកើនដល់ ១៨០គ្រឿងហើយ៕